នៅព្រឹកថ្ងៃទី៩ ខែតុលានេះ អាជ្ញាធរទន្លេសាបបានក្រើនរម្លឹកឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខណះ ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗចំនួន២នៅជុំវិញបឹងទន្លេសាបនិង ទន្លេសាប ដែលមានកម្រិតកម្ពស់ទឹកនៅខ្ពស់នៅឡើយ។ ស្ទឹងទាំង២នោះគឺទី១ ស្ទឹងសិរីសោភ័ណ ហូរកាត់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យដែលមានកម្ពស់៧ម៉ែត្រ៧៨ ខណះកម្រិតប្រកាសប្រុងប្រយ័ត្ន ត្រឹមតែ៧ម៉ែត្រ៥០ និងទី២គឺស្ទឹងស្រែង ហូរកាត់ស្រុកក្រឡាញ់ខេត្តបន្ទាយមានជ័យ ដែលមានកម្ពស់៨ម៉ែត្រ៤៥ខណះកម្រិតប្រកាសប្រុងប្រយ័ត្នត្រឹមតែ៨ម៉ែត្រ០០។
យ៉ាងណាក៏ដោយសម្រាប់ថ្ងៃទី៩តុលានេះស្ទឹងសិរីសោភ័ណបានស្រកចុះបាន០ម៉ែត្រ០៧និងស្ទឹងស្រែងបានស្រកចុះបាន០ម៉ែត្រ០៥ហើយបើធៀបនឹងកម្ពស់ទឹកកាលពីម្សិលមិញ។ ទន្ទឹមនេះអាជ្ញាធរទន្លេសាបបានបង្ហាញថា ថ្វីបើស្ថានភាពជាទូទៅកម្រិតកម្ពស់ទឹកនៅ
តាមស្ទឹងសំខាន់ៗដែលហូរចាក់ទៅបឹងនិងទន្លេសាបបានស្រកចុះ ប៉ុន្តែមានស្ទឹងចំនួន៣នៅតែមានកម្រិតកម្ពស់ទឹកនៅក្បែរៗកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន នៅឡើយដូចជាស្ទឹងដូនទ្រី នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ស្ទឹងមង្គលបូរីនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងស្ទឹងសែននៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
សូមបញ្ជាក់ថាភូមិសាស្ត្រប្រទេសកម្ពុជាមានស្ទឹងធំៗចំនួន១១ដែលមានតួនាទីជួយរំដោះទឹកជំនន់ តាមរយះហូរនាំទឹកភ្លៀងហូរចាក់ទៅទន្លេសាបនិងបឹងទន្លេសាប។ សូមបញ្ជាក់ថា ទឹកភ្លៀងរដូវវស្សាឆ្នាំនេះបាននាំឲ្យមានការជន់លិចនៅភូមិសាស្ត្រខេត្ត បាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ខេត្តសៀមរាប និង ខេត្តបន្ទាយមានជ័យ៕






