បាត់ដំបង៖ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញ និងលើកទឹកចិត្តឱ្យមានការបង្កើត និងពង្រីកហេដ្ឋារចនាសម្ព័ន្ធអប់រំ រួមមានអនុវិទ្យាល័យ និងវិទ្យាល័យ នៅតាមបណ្តាឃុំ និងស្រុកឱ្យកាន់តែខិតជិតមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដើម្បីធានាថា កុមារនិងយុវជនកម្ពុជាគ្រប់រូបទទួលបានឱកាសសិក្សារៀនសូត្របានខ្ពង់ខ្ពស់ និងប្រកបដោយសមធម៌។
ការថ្លែងជំរុញនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សរុបចំនួន ២.០០១នាក់ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ ដែលប្រព្រឹត្តទៅនៅសាលវិមានប្រសិទ្ធពរ ក្នុងខេត្តបាត់ដំបង។
សម្តេចធិបតីបានគូសបញ្ជាក់ថា ការពង្រីកសាលារៀនរហូតដល់កម្រិតមធ្យមសិក្សា (អនុវិទ្យាល័យ និងវិទ្យាល័យ) នៅតាមបណ្តាឃុំ-ស្រុក គឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្ស ជាពិសេសសិស្សានុសិស្សដែលរស់នៅតំបន់ជនបទដាច់ស្រយាល និងកាត់បន្ថយការចំណាយក្នុងការធ្វើដំណើររបស់អាណាព្យាបាល។
គោលនយោបាយនេះ ជាផ្នែកមួយយ៉ាងសំខាន់នៃរបៀបវារៈកែទម្រង់វិស័យអប់រំ ដើម្បីអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែមានសមត្ថភាព និងគុណភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារពលកម្ម និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ៕






