រាជរដ្ឋាភិបាល បានបើកដំណើរការសេវាដឹកជញ្ជូនរថយន្តក្រុងសាធារណៈដោយ«ឥតគិតថ្លៃ» ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីជួយសម្រាលបន្ទុកបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅស្រុកកំណើត ។
ពលរដ្ឋបានសម្តែងការត្រេកអរ និងសប្បាយរីករាយយ៉ាងខ្លាំង ខណៈដែលគោលការណ៍នេះនៅតែបន្តរក្សាផ្តល់ជូនប្រជាពលរដ្ឋនៅអំឡុងពេលពិធីបុណ្យសំខាន់ៗនៅកម្ពុជា ។
ការសម្រេចរៀបចំរថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតដោយមិនគិតថ្លៃ គឺជាកាយវិការសប្បុរសធម៌ និងជាទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការចំណាយលើមធ្យោបាយធ្វើដំណើរ ព្រមទាំងផ្តល់នូវភាពកក់ក្តៅយ៉ាងជ្រាលជ្រៅដល់បេះដូងប្រជាពលរដ្ឋគ្រប់រូប ឱ្យបានធ្វើដំណើរទៅជួបជុំក្រុមគ្រួសារដោយស្នាមញញឹម និងសុវត្ថិភាព។
រដ្ឋបាលសាលារាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បានចេញសេចក្តីជូនដំណឹងស្តីពីការបម្រើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនបង់ប្រាក់ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០។នៅក្នុងសេចក្តីជូនដំណឹងនោះបានបញ្ជាក់ថា ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការគណៈរដ្ឋមន្ត្រី (វិមានសន្តិភាព) កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដើម្បីជួយសម្រាលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដោយក្នុងនោះរួមមាន៖
១-សេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងសេវារថយន្តក្រុងអាកាសយានដ្ឋានអន្តរជាតិតេជោ (Airport Express Bus)៖ ប្រើប្រាស់រថយន្តក្រុងចំនួន ១០០គ្រឿង ។
២-សេវាដឹកជញ្ជូនប្រជាពលរដ្ឋធ្វើដំណើរពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញដោយ ប្រើប្រាស់រថយន្តក្រុងចំនួន ៥០០គ្រឿង ដែលមាន ចែកចាយខ្សែផ្លូវចំនួន ៦ ខ្សែគោលដៅ ព្រមទាំងបានរៀបចំចំណតសាធារណៈដោយមិនគិតថ្លៃសម្រាប់រថយន្តក្រុងនីមួយៗ តាមគោលដៅចេញដំណើរ។
«យើងចែកចេញជា ៦ គោលដៅ ដូចខ្ញុំបាទជម្រាបជូន៖ គោលដៅទី១៖ នៅស្ថានីយរថយន្តក្រុងវាលស្បូវ ដែលមានទិសដៅចេញពីរាជធានីភ្នំពេញ ទៅខេត្តព្រៃវែង និងខេត្តស្វាយរៀង។ គោលដៅទី២៖ នៅស្ថានីយរថយន្តក្រុងចាក់អង្រែលើ គឺចេញដំណើរពីរាជធានីភ្នំពេញ ទៅខេត្តតាកែវ។ គោលដៅទី៣៖ នៅស្ថានីយរថយន្តក្រុងផ្លូវ ២០០៤ ចេញពីរាជធានីភ្នំពេញ ទៅខាងប៉ែកសមុទ្រ មានខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង។គោលដៅទី៤៖ ចេញដំណើរពីរាជធានីភ្នំពេញ នៅស្ថានីយឫស្សីកែវ រត់តាមផ្លូវជាតិលេខ ៥ មានខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន។ គោលដៅទី៥៖ នៅតំបន់ដីឡូតិ៍ OCIC ជិតរង្វង់មូលនាងមច្ឆា ធ្វើដំណើរពីរាជធានីភ្នំពេញ ទៅខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
គោលដៅទី៦ (ចុងក្រោយ)៖ នៅស្ថានីយរថយន្តក្រុងកួចកាណុង ចេញដំណើរពីរាជធានីភ្នំពេញ ទៅខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី។ ដោយឡែក ការឆ្លងកាត់ផ្លូវទាំងនេះ ក៏មានឆ្លងកាត់ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺផងដែរ។ ដោយសារខេត្តកណ្តាលនៅក្បែររាជធានីភ្នំពេញ ភាគច្រើនបងប្អូនប្រជាពលរដ្ឋនៅខេត្តជិតៗ លោកតែងតែធ្វើដំណើរដោយមធ្យោបាយផ្ទាល់ខ្លួន ដោយសារងាយស្រួល និងមិនសូវចំណាយច្រើន។ ប៉ុន្តែភាគច្រើន បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរទៅខេត្តឆ្ងាយៗ គឺគាត់មកទទួលសេវារថយន្តក្រុងជិះដោយមិនបង់ប្រាក់នេះច្រើនមែនទែន » ។ នេះជាការបញ្ជាក់របស់លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង(City Bus) រាជធានីភ្នំពេញ នៅក្នុងកម្មវិធីសន្ទនាមតិជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជា អំពីគោលដៅនិងចំណតរថយន្តក្រុង។
ជាការពិតណាស់ ការផ្ដល់សេវាឡានក្រុងជិះដោយមិនគិតថ្លៃរបស់រដ្ឋ បានជួយឱ្យប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត អាចសន្សំសំចៃថវិកាបានមួយផ្នែកដើម្បីយកទៅចំណាយធ្វើបុណ្យទានជួបជុំគ្រួសារ។
លោក កែវ ចាន់ណារិទ្ធ បានលើកឡើងទៀតថា៖ គោលបំណងរបស់រាជរដ្ឋាភិបាល គឺចង់ឱ្យប្រជាពលរដ្ឋទាំងអស់ធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំគ្រួសារ និងធ្វើបុណ្យទាននៅវត្តអារាម ដោយសុវត្ថិភាព និងសប្បាយរីករាយ ហើយត្រឡប់មកបំពេញការងារ ឬអាជីវកម្មវិញដោយរលូន និងសុវត្ថិភាព ព្រមទាំងអាចជួយសន្សំសំចៃថវិកាបានមួយផ្នែកទៀត។
ក្នុងសម្លៀកបំពាក់អាវពណ៌ស សក់ពណ៌ស អ៊ំស្រី ស៊ុំ សុខ អាយុ៧៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ បានរៀបរាប់ទាំងទឹកមុខញញឹមជាមួយនឹងគោលបំណងចង់ធ្វើដំណើរទៅស្រុកកំណើតនៅខែបុណ្យទានភ្ជុំបិណ្ឌ ដើម្បីជួបជុំសាច់ញាតិបងប្អូនកសាងបុណ្យកុសកលរួមគ្នា។ អ៊ំស្រី ស៊ុំ សុខ ក៏បានបង្ហាញពីក្តីសោមនស្សរីករាយចំពោះការផ្ដល់សេវារថយន្តក្រុងសាធារណៈ សម្រាប់កូនចៅធ្វើដំណើរទៅលេងស្រុកកំណើតនៅខេត្តស្វាយរៀង ប៉ុន្តែទោះបីជាមានការជួយសម្រួលពីឡានក្រុងយ៉ាងណាក៏ដោយ ក៏នៅតែមានការចំណាយបន្ថែមលើការប្តូរយានជំនិះផ្សេងទៀត ពីចំណតរហូតដល់ផ្ទះ ដែលត្រូវចំណាយថវិកាអស់ប្រមាណ ជាជិត៤ម៉ឺនរៀលទៀត។
ទន្ទឹមនឹងនេះអ៊ំប្រុស គ បី ជាប្រជាពលរដ្ឋរស់នៅខេត្តកណ្ដាល ក៏បានថ្លែអំណរគុណដល់រាជរដ្ឋាភិបាល ដែលលោកតែងតែគិតគូរដល់សុវត្តិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពេលត្រឡប់ទៅស្រុក កំណើតក្នុងឱកាសបុណ្យទានធំៗម្ដងៗ ។
ទន្ទឹមគ្នានេះ ឯកឧត្ដម ជួន កក្កដា អនុរដ្ឋលេខាធិការ នៃក្រសួងធម្មការ និងសាសនាបានលើកឡើងនូវវប្បធម៌នៃការចែករំលែក និងសាមគ្គីភាពក្នុងរដូវបុណ្យភ្ជុំបិណ្ឌដោយឯកឧត្តមបានភ្ជាប់មកនូវតម្លៃប្រពៃណីចេះជួយយកអាសា និងការសាមគ្គីគ្នារវាងប្រជាជនខ្មែរ ដែលតម្លៃដ៏ល្អប្រពៃមួយនេះបានកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ឯកឧត្តមបានមានប្រសាសន៍ថា៖ មិនថាក្នុងសម័យកាលណាក៏ដោយ ឱ្យតែដល់រដូវកាលបុណ្យទានខ្មែរ ប្រជាជនតែងតែមានទម្លាប់ជួយសម្រាលបន្ទុក និងធ្វើដំណើរជួបជុំគ្នាទៅស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយ ។
មកដល់សម័យកាលទំនើបនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងសម្រាលបន្ទុកជូនប្រជាពលរដ្ឋ តាមរយៈការរៀបចំសេវាដឹកជញ្ជូនរថយន្តក្រុងសាធារណៈដោយមិនគិតថ្លៃ។ ការណ៍នេះពិតជាមានសារៈសំខាន់ណាស់ ព្រោះវាជួយឱ្យបងប្អូនប្រជាពលរដ្ឋអាចសន្សំប្រាក់បៀវត្សរ៍តិចតួច ដែលគ្រោងទុកសម្រាប់ធ្វើបុណ្យនៅវត្ត និងជូនដល់លោកអ្នកមានគុណ ដោយមិនបារម្ភពីរឿងថ្លៃឈ្នួលយានជំនិះបន្ថែមទៀតឡើយ។ អ្វីៗទាំងនេះក៏ជាផ្នែកមួយនៃការបង្កើតសាមគ្គីភាព និងការចែករំលែកបុណ្យកុសលក្នុងសង្គមជាតិផងដែរ។នេះបើយោងតាមឯកឧត្តមអនុរដ្ឋលេខាធិការ នៃក្រសួងធម្មការ និងសាសនា។
សេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃក្នុងពិធីបុណ្យភ្ជុំបិណ្ឌ គឺជាសក្ដានុពលនៃទឹកចិត្ត និងការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ។ រាល់ស្នាមញញឹម និងដំណើរសុវត្ថិភាពរបស់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ គឺជាសាក្សីរស់ដែលបង្ហាញយ៉ាងច្បាស់ថា សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាអាទិភាព និងជាបេះដូងនៃការដឹកនាំ។ ការបន្តរក្សា និងពង្រឹងនូវវប្បធម៌ចែករំលែកនេះ នឹងកាន់តែធ្វើឱ្យចំណងសាមគ្គីភាព និងជំនឿទុកចិត្តរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ កាន់តែរឹងមាំ និងស្ថិតស្ថេរជានិរន្តរ៍៕






