សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានណែនាំដល់រដ្ឋបាលក្រុងស្រុកទាំងអស់ទូទាំងខេត្ត ត្រូវឱ្យយកចិត្តទុកដាក់ជំរុញការបង្កើនភាពបៃតងក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធានានិរន្តរភាពបរិស្ថានក្នុងសហគមន៍ ព្រមទាំងជួយទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើនបន្ថែមទៀត។ នេះបើតាមការលើកឡើងរបស់ លោក សុខ ថុល អភិបាលរងខេត្ត ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈកម្មធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ។
លោក សុខ ថុល មានប្រសាសន៍ថា ការអភិវឌ្ឍភាពបៃតងក្នុងមូលដ្ឋាន គឺជាកត្តាសំខាន់ព្រោះវាអាចជួយរក្សាបាននូវតុល្យភាពបរិស្ថាន ដូច្នេះយើងត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងដាំដើមឈើ បង្កើតសួនច្បារ និងថែរក្សា សោភ័ណភាពបៃតងនៅតាមមូលដ្ឋាននីមួយៗ ដើម្បីរួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកាន់ខេត្តសៀមរាបកាន់តែច្រើនបន្ថែមទៀត។
លោកបង្ហាញថា សម្រាប់កិច្ចប្រជុំនាពេលនេះដែរ កិច្ចប្រជុំខាងលើនេះ ដើម្បីស្ដាប់ និងពិភាក្សាលើបទបង្ហាញស្តីពីគម្រោងអភិវឌ្ឍន៍តំបន់សាធារណៈក្នុងខេត្តសៀមរាប, ពិនិត្យលើគម្រោងសាងសង់សំណង់ និងលំនៅឋានតម្លៃសមរម្យ, ពិនិត្យ ពិភាក្សា និងផ្តល់គោលការណ៍ដោះស្រាយលើបញ្ហាការផ្តាច់បណ្តាញអគ្គិសនីក្នុងភូមិសាស្ត្រក្រុងសៀមរាប។ ជាពិសេសពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាសំណួរសំណូមពរ ដែលបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ និងបញ្ហាផ្សេងៗជាច្រើនទៀត។
ក្នុងន័យនេះលោកអភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា នៅតាមបណ្ដាក្រុងស្រុករបស់យើងមួយចំនួន បានរៀបចំផែនការ និងយុទ្ធសាស្ត្រជាច្រើនក្នុងន័យបង្កើនការអភិវឌ្ឍក្នុងមូលដ្ឋាន តែក៏មានស្រុកមួយចំនួននៅមិនទាន់មានផែនការច្បាស់លាស់នៅឡើយ។ បញ្ហានេះ លោកបានស្នើដល់ក្រុងស្រុកដែលនៅ សូមពន្លឿនក្នុងការរៀបចំផែនការ គម្រោងនៃការអភិវឌ្ឍក្នុងមូលដ្ឋាន ព្រោះវាជាកិច្ចការសំខាន់ ដែលជាផ្នែកមួយចាំបាច់ត្រូវមាន រួមចំណែកសម្រាប់វិស័យទេសចរសៀមរាបយើង។ ក្រៅពីការងារបៃតង ក្នុងមូលដ្ឋានក៏គួររៀបចំនៅទីតាំង និងលំនៅឋានដែលមានភាពទាក់ទាញ ព្រោះចំណុចតូចៗនេះហើយ ជាផ្នែកសំខាន់សម្រាប់ការអភិវឌ្ឍខេត្តសៀមរាបយើង៕
#មន្ទីរព័ត៌មានខេត្តសៀមរាប
អត្ថបទ៖ លោក អ៊ុន ណារាជ្យ






