ចែករំលែក៖

ក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញឱ្យរដ្ឋបាលក្រុងស្រុកយកចិត្តទុកខ្ពស់ និងជំរុញការផ្សព្វផ្សាយដល់អាណាព្យាបាល ឱ្យយល់ដឹងអំពីករណីលង់ទឹកក្នុងរដូវវស្សា

សៀមរាប៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៩ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំដល់លោក អភិបាលក្រុង ស្រុកធ្វើការពិនិត្យការងារគ្រោះមហន្តរាយបន្ទាប់ពីទឹកបានស្រក និងត្រូវវាយតម្លៃនៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធ សាលារៀន និងដំណាំផ្សេង ពិសេសដំណាំស្រូវ។

ឯកឧត្តម លី សំរិទ្ធ ក៏បានជំរុញក្រុមការងារចុះមូលដ្ឋានពិនិត្យ និងដោះស្រាយ រាល់បញ្ហាដែលប្រជាពលរដ្ឋបានលើកឡើង ចៀសវាងមានបញ្ហានៅសេសសល់ច្រើន។ ម្យ៉ាងទៀតរាល់បញ្ហាដែលបានដោះស្រាយរួច សូមបញ្ជូនទៅក្រុងស្រុក ដើម្បីធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋបានជ្រាបអំពីដំណោះស្រាយរបស់យើង។ មួយវិញទៀត រដ្ឋបាលក្រុងស្រុក ត្រូវណែនាំ និងពិនិត្យផ្ទៀងផ្ទាត់ ការងារអត្រានុកូលដ្ឋាន ជាពិសេសអត្តសញ្ញាណបណ្ណ ដែលផុតកំណត់ និងហួសសុពលភាព ត្រូវរៀបចំធ្វើជូនប្រជាពលរដ្ឋឡើងវិញ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំបន្ថែមដល់ក្រុង ស្រុកដើម្បីធ្វើការទប់ស្កាត់ និងរៀបចំផែនការក្នុងការត្រៀមជម្លៀសបងប្អូនដើម្បីរកទីទួលសុវត្ថិភាព ហើយក្រុង ស្រុកត្រូវមានផែនទីមួយដើម្បីពិនិត្យនូវផ្លូវទឹកក្នុងការរំដោះទឹកនាឆ្នាំក្រោយៗ។ មួយវិញទៀត យើងត្រូវជំរុញការផ្សព្វផ្សាយបន្ថែមអំពីដល់អាណាព្យាបាលរបស់កុមារ ដើម្បីកុំឱ្យកុមារទៅលេងទឹកក្នុងអំឡុងពេលទឹកឡើង។

លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត បានបញ្ជាក់ថា ការងារគ្រោះមហន្តរាយនេះ ឆ្នាំមុនៗខេត្តយើងមានរន្ទះបាញ់ និងលង់ទឹកច្រើន ប៉ុន្តែពីរឆ្នាំចុងក្រោយនេះ គឺយើងមានការកាត់បន្ថយច្រើន ពិសេសរន្ទះបាញ់ ដោយសារតែខេត្តយើងបានដំឡើងប្រព័ន្ធការពាររន្ទះនៅតាមទីតាំងមួយចំនួន។ ពាក់ព័ន្ធនឹងការលង់ទឹក សូមក្រុងស្រុកជំរុញផ្សព្វផ្សាយបន្ថែមទៀត ដើម្បីកាត់បន្ថយឱ្យបានខ្ពស់ចំពោះករណីនេះ។ មួយវិញទៀត ចំពោះការស្តារប្រឡាយ គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានធ្វើការចុះពិនិត្យ និងកាយប្រឡាយបានមួយចំនួន ដើម្បីពន្លឿនឱ្យទឹកហូរបានលឿនចៀសវាងជន់លិចយូរ។ ដោយឡែក នៅប្រព័ន្ធធារាសាស្ត្រមួយចំនួន និងទន្លេសាបនៅមានកម្ពស់ទឹកមួយដែលយើងគ្រប់គ្រងបាន៕

#មន្ទីរព័ត៌មានខេត្តសៀមរាប

Scroll to Top