រាជធានីភ្នំពេញ៖ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកព្រឹត្តិការណ៍រាត្រីសមោសរ ផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ «ពពកកំដរក្បែរព្រះច័ន្ទ មិត្តភាពស៊ីជម្រៅរវាងអ្នកជិតខាងដ៏ល្អជ្រាលជ្រៅ» ក្រោមគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន, ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី, និងឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចំាកម្ពុជា និងឯកឧត្តម Peng Bin អនុរដ្ឋមន្ត្រីឃោសនាការនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តយូណាន និងជាប្រធានការិយាល័យកសាងអរិយធម៌ នៃគណៈកម្មាធិការបក្សខេត្តយូណាន ដែលរៀបចំឡើងក្នុងឱកាសអបអរសាទរបុណ្យសែនព្រះខែឆ្នាំ២០២៦ និងឆ្នាំទេសចរណ៍កម្ពុជា–ចិនឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ គណៈប្រតិភូចិន Influencers និងផ្នែកឯកជនចិន ព្រមទាំងសិល្បករ អ្នកបង្កើតមាតិកា សរុបជាង៦០០នាក់ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ។
ក្នុងឱកាសដ៏ឱឡារិក និងអធិកអធមនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរដ៏ស្មោះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ ផ្នែកឯកជនក្នុងវិស័យទេសចរណ៍កម្ពុជា ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ចិន ដែលបាននិងកំពុងធ្វើធុរកិច្ចក្នុងវិស័យទេសចរណ៍កម្ពុជា-ចិន សិល្បករ-សិល្បការិនី និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំ និងចូលរួមក្នុងព្រឹត្តិការណ៍រាត្រីសមោសរ «ពពកកំដរក្បែរព្រះច័ន្ទ មិត្តភាពស៊ីជម្រៅរវាងអ្នកជិតខាងដ៏ល្អជ្រាលជ្រៅ» នេះ ប្រកបដោយភាពឱឡារិក និងអធិកអធម។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាកម្ពុជា និងចិន គឺជាមិត្តដែកថែប ដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រយូរអង្វែង ជាងមួយពាន់ឆ្នាំមកហើយ និងមានវប្បធម៌ ប្រពៃណីទំនៀមទំលាប់ប្រហាក់ប្រហែលគ្នា និងតាមរយៈកិច្ចសហប្រតិបត្តិការត្បូងពេជ្រ នៃប្រទេសទាំងពីរ ការផ្លាស់ប្តូរទេសចរ និងទំនាក់ទំនងប្រជាជននិងប្រជាជន គឺជាស្ពានដ៏សំខាន់ដែលមិនអាចខ្វះបាន។ ក្នុងន័យនេះ ព្រឹត្តិការណ៍រាត្រីសមោសរ ផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ «ពពកកំដរក្បែរព្រះច័ន្ទ មិត្តភាពស៊ីជម្រៅរវាងអ្នកជិតខាងដ៏ល្អជ្រាលជ្រៅ» គឺជាការបោះជំហាន និងការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់ទំនាក់ទំនងកាន់តែស៊ីជ្រៅ និងជិតស្និទ្ធរវាងកម្ពុជា-ចិន ក៏ដូចជាចូលរួមអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» និងចូលរួមចំណែកយ៉ាងសកម្មដល់យុទ្ធសាស្ត្រ «ខ្សែក្រវាត់ និងផ្លូវ» របស់ប្រទេសចិន ដែលនឹងក្លាយជាចលករយ៉ាងសំខាន់បន្ថែមទៀត ក្នុងការតភ្ជាប់ និងផ្សព្វផ្សាយវិស័យទេសចរណ៍ វប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់ប្រទេសយើងទាំងពីរ ជាពិសេសជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ កម្ពុជា-ចិន និងការបង្កើនភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យបានកាន់តែច្រើនឡើង។
ព្រឹត្តិការណ៍នេះ ក៏បាននាំមកនូវការសម្តែងសិល្បៈ និងវប្បធម៌ចម្រុះពីកម្ពុជា និងចិន រួមមានការប្រគំតន្ត្រីរួម «ពពកកំដរព្រះច័ន្ទ», របាំ «កាំរស្មីព្រះចន្ទ», របាំបុរាណខ្មែរ «របាំជូនពរ», របាំប្រជាប្រិយខ្មែរ «របាំអ្នកនេសាទ», ការចែករំលែករឿងរ៉ាវអំពីមិត្តភាពកម្ពុជា–ចិន, ការសម្តែង Street Dance រួមរវាងយុវជនកម្ពុជា–ចិន និងបទចម្រៀងរួមជាច្រើន ដែលបានឆ្លុះបញ្ចាំងពីវប្បធម៌ ប្រពៃណី និងចំណងមិត្តភាពដ៏ស៊ីជម្រៅរវាងប្រជាជននៃប្រទេសទាំងពីរ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បញ្ជាក់ជូនសាជាថ្មីពីការលើកលែងទិដ្ឋាការជាបណ្តោះអាសន្នសម្រាប់ប្រជាពលរដ្ឋចិន ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដើម្បីសម្រួលការធ្វើដំណើរ និងទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើន ជាពិសេសក្នុងយុទ្ធនាការ «ទស្សនាកម្ពុជានារដូវបៃតង» ព្រមទាំងបានអញ្ជើញភ្ញៀវទេសចរ និងវិនិយោគិនចិន មកទស្សនាកម្ពុជា និងវិនិយោគនៅកម្ពុជា ព្រោះកម្ពុជា គឺជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព មិត្តភាព ភាតរភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ស្របតាមយុទ្ធនាការ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ប្រកបដោយភាពកក់ក្តៅ»។






