ចែករំលែក៖

ក្រោយរងការចុះផ្សាយពេលថ្ងៃ ក្រុមរថយន្តកែច្នៃខុសបច្ចេកទេសប្តូរវេនធ្វើសកម្មភាពដឹកជញ្ជូន លើសទម្ងន់នៅពេលយប់យ៉ាងគឃ្លើន ខណៈពលរដ្ឋដាក់ការសង្ស័យថាប្រហែលជាមាន «ខ្សែធំ» ហើយមើលទៅ…

​(ខេត្តកណ្តាល)៖ (វគ្គ៣) នេះជាការវិវឌ្ឍថ្មីមួយទៀត ដែលបង្ហាញពីសកម្មភាពផ្គើននឹងច្បាប់យ៉ាងគឃ្លើនរបស់ក្រុមរថយន្តចំណុះ ១តោនកន្លះ លួចកែច្នៃទ្រុងខុសបច្ចេកទេស ដឹកជញ្ជូនទំនិញលើសទម្ងន់នៅតាមបណ្តោយផ្លូវជាតិលេខ 21A ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល។ បន្ទាប់ពីអង្គភាពព័ត៌មានយើងខ្ញុំ បានធ្វើការចុះផ្សាយនិងអំពាវនាវយ៉ាងទទូចកាលពីពេលថ្ងៃរួចមក ក្រុមរថយន្តទាំងនេះមិនបានបញ្ឈប់សកម្មភាពល្មើសច្បាប់របស់ខ្លួននោះទេ តែបែរជាប្តូរយុទ្ធសាស្ត្រមកសម្រុកធ្វើសកម្មភាពដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេងនៅពេលយប់វិញម្តង។

​សកម្មភាពលួចលាក់និងផ្គើននឹងការអំពាវនាវនេះ បានធ្វើឱ្យមហាជននិងប្រជាពលរដ្ឋក្នុងមូលដ្ឋាន កាន់តែហួសចិត្ត និងដាក់ការសង្ស័យថា ប្រហែលជាម្ចាស់យានយន្តកែច្នៃខុសបច្ចេកទេសទាំងនេះមាន «ខ្សែធំ» ហើយមើលទៅ! ទើបបានជាពួកគេហ៊ានបន្តសកម្មភាពដឹកទំនិញសំពីងសំពោង ដោយមិនញញើតនឹងចំណាត់ការរបស់អាជ្ញាធរបែបនេះ។ ម្យ៉ាងវិញទៀត ការសម្រុកដឹកជញ្ជូនលើសទម្ងន់នៅពេលយប់ កាន់តែបង្កហានិភ័យខ្ពស់ដល់សុវត្ថិភាពចរាចរណ៍សម្រាប់អ្នកប្រើប្រាស់ផ្លូវទូទៅ ដោយសារកត្តាងងឹត និងអាចបង្កជាគ្រោះថ្នាក់ជាយថាហេតុ ព្រមទាំងបន្តបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិ ដែលជាញើសឈាមរបស់រាស្ត្រនិងរដ្ឋយ៉ាងធ្ងន់ធ្ងរ។

​ឆ្លើយតបនឹងព្រឹត្តិការណ៍នេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមទទូចស្នើសុំជាថ្មីម្តងទៀត ដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងលោកស្នងការនគរបាលខេត្តកណ្តាល មេត្តាចាត់កម្លាំងជំនាញចុះល្បាត ឬបង្កើតគោលដៅត្រួតពិនិត្យទាំងយប់ទាំងថ្ងៃ (២៤ម៉ោង) ដើម្បីចាត់វិធានការក្តៅ បង្ក្រាប ផាកពិន័យ និងតម្រូវឱ្យកាត់ទ្រុងរថយន្តកែច្នៃខុសបច្ចេកទេសទាំងនេះចេញជាបន្ទាន់។

​មហាជនសង្ឃឹមយ៉ាងមុតមាំ លើចំណាត់ការប្រកបដោយតម្លាភាព គ្មានការយោគយល់ និងមានប្រសិទ្ធភាពរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីធានាសុវត្ថិភាពចរាចរណ៍ និងថែរក្សាអាយុកាលផ្លូវថ្នល់ជាតិឱ្យបានយូរអង្វែង ជៀសវាងការបណ្តែតបណ្តោយឱ្យក្រុមជនខិលខូចមួយក្តាប់តូច ធ្វើសកម្មភាពបំផ្លាញសម្បត្តិរដ្ឋបានតទៅទៀត។

​អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងបន្តតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់ ដើម្បីជម្រាបជូនសាធារណជនជាបន្តបន្ទាប់។
សូមអរគុណ

Scroll to Top