ចេញផ្សាយ៖ ថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២៦ លោក កង វង ចៅសង្កាត់ចោមចៅទី១ ហាក់ពូកែខាងតែអួតក្អេងក្អាងលើក្រដាស តែដល់ពេលអនុវត្តជាក់ស្ដែង បែរជាគ្មានសមត្ថភាពធ្វើឲ្យកើតជាដុំកំភួនទាល់តែសោះ។ ការចេញសេចក្ដីប្រកាសកន្លងមក គឺគ្រាន់តែខ្ជះខ្ជាយក្រដាស និងទឹកប៊ិចតែប៉ុណ្ណោះ។ ឬមួយក៏មាន “យ័ន្តទិព្វ” អ្វីមកបាំងភ្នែក ទើបធ្វើឲ្យលោកមើលលែងឃើញ និងចាត់ការលែងកើត?
សូមក្រឡេកមើលជាក់ស្ដែង ផ្លូវបេតុងមួយខ្សែ (ច្រកផ្សារវីតាមីន ជាប់របងកាណាឌីយ៉ា) គឺកកស្ទះស្ទើររាល់ថ្ងៃ តាំងពីព្រឹករហូតដល់ពាក់កណ្ដាលយប់។ កុំថាឡើយធ្វើដំណើរដោយរថយន្ត ម៉ូតូ ឬកង់បី សូម្បីតែដើរថ្មើរជើងក៏សឹងតែដើរមិនរួចផង។
គួររំឭកថា លោក កង វង ធ្លាប់បានចេញសេចក្ដីប្រកាសតម្រូវឲ្យអាជីវករ ដែលរំលោភយកចំណីផ្លូវសាធារណៈធ្វើជាកន្លែងលក់ដូរ និងតសំយាបខុសច្បាប់ ត្រូវរុះរើចេញជាបន្ទាន់ គិតតាំងពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ មកម៉្លេះ! សេចក្ដីប្រកាសនោះបានបញ្ជាក់យ៉ាងច្បាស់ថា ទុកពេលឲ្យត្រឹមតែ ៧ថ្ងៃប៉ុណ្ណោះ ដើម្បីរំដោះចិញ្ចើមផ្លូវកុំឲ្យរួមតូច និងបញ្ចៀសការកកស្ទះ។
ប៉ុន្តែ គិតរហូតមកទល់ពេលនេះ រយៈពេលច្រើនខែហួសទៅហើយ គឺអ្វីៗនៅតែ “ដដែលជាដដែល”! គេមិនត្រឹមតែមិនឃើញអាជីវកររុះរើចេញនោះទេ ថែមទាំងមានការសាងសង់រំលោភយកបន្ថែមយ៉ាងអនាធិបតេយ្យទៀតផង។ ចំណែកឯលោកចៅសង្កាត់ចោមចៅទី១ វិញ ក៏សម្ងំស្ងាត់ឈឹង មិនឃើញហ៊ានចុះមករុះរើ ដូចអ្វីដែលខ្លួនបានសរសេរគំរាមកំហែងក្នុងសេចក្ដីប្រកាសនោះឡើយ។
តើការបណ្ដែតបណ្ដោយឲ្យមានការកកស្ទះយ៉ាងអនាធិបតេយ្យរាល់ថ្ងៃបែបនេះ គឺបណ្ដាលមកពីការជាប់ជំពាក់ផលប្រយោជន៍បុគ្គលជាមួយអាជីវករមួយក្ដាប់តូចមែនទេ? ទើបលោកសុខចិត្តបិទភ្នែក បិទត្រចៀក ធ្វើឲ្យប្រជាពលរដ្ឋ និងអ្នកដំណើររាប់ម៉ឺននាក់ ត្រូវរងគ្រោះខាតបង់ទាំងពេលវេលា និងថវិកាដោយសារការឆេះប្រេងសាំងចោលឥតប្រយោជន៍ជារៀងរាល់ថ្ងៃបែបនេះ! ៕






