ចែករំលែក៖

ភ្លើងប្រច័ណ្ឌ! បុរសម្នាក់កា.ប់បុរសម្នាក់ទៀត ៥ ពូថៅស្លា.ប់ភ្លាមៗ រួចចង.ក.បញ្ច.ប់ជីវិតខ្លួនឯងតាមក្រោយ​…

​ខេត្តកំពង់ធំ៖ ករណីសោកនាដកម្មឃាតកម្ម និងអត្តឃាតមួយបានកើតឡើង បណ្តាលឱ្យមនុស្សចំនួន ២ នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង កាលពីវេលាម៉ោង ៦:៣០ នាទីព្រឹក ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៦ នេះ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្ទះរបស់ឈ្មោះ សឿ គីម ភេទស្រី អាយុ ៦៦ ឆ្នាំ (ត្រូវជាម្តាយធម៌របស់សពទាំងពីរ) ស្ថិតនៅក្នុងភូមិមហរ៍ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

​យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ជនបង្កមានឈ្មោះ សៀង ហ៊ី ភេទប្រុស អាយុ ៣៨ ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ ឆន កុសល ភេទប្រុស អាយុ ២៨ ឆ្នាំ (រស់នៅភូមិកំពង់ឈើទាល ឃុំសំបូរ ស្រុកប្រាសាទសំបូរ) ចំនួន ៥ ពូថៅ ចំផ្ទៃមុខ បណ្តាលឱ្យដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មនៅនឹងកន្លែង។

​ក្រោយពីបានធ្វើសកម្មភាពកាប់សម្លាប់ជនរងគ្រោះរួច ជនសង្ស័យបានយកខ្សែអង្រឹងទៅចងកជាប់នឹងធ្នឹមផ្ទះ ដើម្បីធ្វើអត្តឃាតសម្លាប់ខ្លួនឯងតាមក្រោយតែម្តង។

​ចំពោះមូលហេតុដែលនាំឱ្យកើតមានករណីហិង្សាដ៏រន្ធត់នេះឡើង ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីភ្លើងប្រច័ណ្ឌ។
​បច្ចុប្បន្ន សាកសពរបស់អ្នកទាំងពីរ ត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិ និងគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

Scroll to Top