(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព និងពាំនាំប្រសាសន៍ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជាមួយក្រុមគ្រួសារនៃសព លោកនាយប៉ុស្តិ៍ មន្ត្រីនគរបាលរដ្ឋបាល និងប្រជាការពារ ដែលបានពលីជីវិតក្នុងពេលបំពេញបេសកកម្មអន្តរាគមន៍ បង្ក្រាបករណីប្រើប្រាស់គ្រឿងញៀន និងអំពើហិង្សាក្នុងគ្រួសារ នៅឃុំអូរសោម ស្រុកវាលវែង។
យោងតាមសេចក្តីប្រកាសព័ត៌មានបឋម របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ករណីបំផ្ទុះគ្រាប់បែក ដែលបង្កឡើងដោយជនសង្ស័យប្រើប្រាស់គ្រឿងញៀន និងប្រើអំពើហិង្សាក្នុងគ្រួសារនេះ បានកើតឡើងកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ម្សិលមិញ វេលាម៉ោងប្រមាណ ១៧:០០នាទី នៅចំណុចអូរបាយក្រៀម ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
មូលហេតុកើតឡើង បន្ទាប់ពីប្រពន្ធជនសង្ស័យ បានដាក់ពាក្យប្ដឹងមកលោកមេប៉ុស្តិ៍អូរសោម ករណីប្ដីឈ្មោះ អែម ដុំ បានប្រើអំពើហិង្សាវាយដំមកលើខ្លួន។
ភ្លាមនោះលោកអនុសេនីយ៍ឯក សោម រ៉ា នាយប៉ុស្តិ៍ បានដឹកនាំកម្លាំងនគរបាល និងប្រជាការពារ សរុបចំនួន៧នាក់ ចុះអន្តរាគមន៍។ ពេលសមត្ថកិច្ចចូលឃាត់ខ្លួន ជនសង្ស័យបានគំរាមកំហែង និងបានសម្រេចចិត្តប្រលែងគ្រាប់បែក បោកបំផ្ទុះខ្លួនឯង បណ្តាលឱ្យបាត់បង់ជីវិតមនុស្ស សរុប៦នាក់ រួមទាំងជនសង្ស័យ និងរបួសធ្ងន់១នាក់៖
ទី១-លោកអនុសេនីយ៍ឯក សោម រ៉ា (នាយប៉ុស្តិ៍) – ពលី
ទី២-លោកអនុសេនីយ៍ត្រី សូ សុវណ្ណារិទ្ធ (មន្ត្រីប៉ុស្តិ៍) – ពលីទី៣-លោក ជន ប្រិម (ប្រជាការពារ) – ពលី
ទី៤-លោក សុខ អាន (ប្រជាការពារ) – ពលី
ទី៥-លោក ចិន្តា (ប្រជាការពារ) – ពលី
ទី៦-ឈ្មោះ អែម ដុំ (ជនសង្ស័យ) – ស្លាប់
ទី៧-លោក វ៉ី វឿន (ប្រជាការពារ) – រងរបួសធ្ងន់។
ក្នុងឱកាសដ៏ក្រៀមក្រំនោះ លោក ខូយ រីដា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការសម្តែងនូវការសោកស្តាយ និងក្តីរន្ធត់ចិត្តជាទីបំផុត ពីសំណាក់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះក្រុមគ្រួសារសពនីមួយៗ ដោយសម្ដេចទាំងទ្វេបានចាត់ទុកការពលីរបស់វីរជនកងកម្លាំង និងប្រជាការពារទាំង៥រូប គឺជាការបាត់បង់នូវធនធានមនុស្ស និងទឹកចិត្តស្នេហាជាតិដ៏ខ្ពស់បំផុតក្នុងការការពារសន្តិសុខជូនប្រជាពលរដ្ឋ។
លោក ខូយ រីដា និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក៏ដូចជាមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធទូទាំងខេត្តពោធិ៍សាត់ សូមសម្តែងនូវការសោកស្តាយ និងក្តីរន្ធត់ចិត្តជាទីបំផុតជាមួយក្រុមគ្រួសារនៃសព។ ការពលីរបស់លោកនាយប៉ុស្តិ៍ មន្ត្រីនគរបាល និងប្រជាការពារទាំង៥រូប គឺជាការបាត់បង់នូវធនធានមនុស្សដ៏មានតម្លៃបំផុត។ សូមវិញ្ញាណក្ខន្ធរបស់វីរជនទាំងអស់ បានទៅកាន់សុគតិភពខានបីឃ្លាតឡើយ។
លោកអភិបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងរួមគ្នាទប់ស្កាត់រាល់សកម្មភាពពាក់ព័ន្ធ ដើម្បីសុវត្ថិភាពសហគមន៍យើងទាំងអស់គ្នា។ ត្រូវចងចាំថា «គ្រឿងញៀនគឺជាចំណុចចាប់ផ្តើមបណ្តាលឱ្យមានអំពើហិង្សាក្នុងគ្រួសារ និងជាភ្នាក់ងារបំផ្លាញសុភមង្គល សន្តិសុខសង្គម ព្រមទាំងបង្កវិនាសកម្មដល់អាយុជីវិតមនុស្ស»។
អំណោយរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តាមរយៈលោក ខូយ រីដា សម្រាប់ប្រគល់ជូនដល់គ្រួសារសពមន្ត្រីនគរបាល និងប្រជាការពារដែលបានពលីទាំង៥នាក់ ដោយក្នុងមួយសព ថវិកា១០លានរៀល។ ដោយឡែក រដ្ឋបាលខេត្ត ក្នុងមួយសពថវិកា៥លានរៀល និងគ្រឿងឧបភោគបរភោគមួយចំនួន ក្រៅពីនោះមន្ទីរអង្គភាពនានាជុំវិញខេត្ត ក៏បានឧបត្ថម្ភថវិកាបន្ថែម ដើម្បីជួយដល់ក្រុមគ្រួសារនៃសព សម្រាប់តម្កល់ទុកធ្វើបុណ្យតាមប្រពៃណីផងដែរ៕






