ខេត្តពោធិ៍សាត់៖ អនុវត្តតាមអុនសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំគណៈស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងសម្តែងការសោកស្តាយយ៉ាងក្រៀមក្រំ ព្រមទាំងនាំយកសាររំលែកទុក្ខ ជូនចំពោះក្រុមគ្រួសារសពមន្ត្រីនគរបាលជាតិចំនួន២រូប និងសពប្រជាការពារចំនួន៣រូប ដែលបានពលីជីវិតក្នុងពេលបំពេញបេសកកម្មបង្ក្រាបករណីគ្រឿងញៀន និងករណីប្រើហិង្សាក្នុងគ្រួសារ។
គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទី នៅចំណុចអូរបាយក្រៀម ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្នុងប្រតិបត្តិការបង្ក្រាប ជនសង្ស័យឈ្មោះ អែម ដុំ បានកាន់គ្រាប់បែកនៅក្នុងដៃ ហើយបានប្រលែងបណ្តាលឱ្យផ្ទុះ បង្កឱ្យមានការបាត់បង់ជីវិត និងរងរបួសធ្ងន់ដល់កម្លាំងសមត្ថកិច្ច និងប្រជាការពារដែលកំពុងបំពេញបេសកកម្ម។
ហេតុការណ៍ដ៏សោកសៅនេះ បានបណ្តាលឱ្យមន្ត្រីនគរបាលជាតិពលីជីវិតចំនួន២រូប រួមមាន៖ លោកអនុសេនីយ៍ឯក សាម រ៉ា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសោម និងលោកអនុសេនីយ៍ត្រី សូ សុវណ្ណារិទ្ធ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលប្រម៉ោយ។ ជាមួយគ្នានេះ ប្រជាការពារចំនួន៣នាក់ ក៏បានពលីជីវិតផងដែរ រួមមាន៖ លោក ជ្រន ប្រឹម លោក សុខ អាន
លោក ឃុល ចិន្តា ។ ដោយឡែក ប្រជាការពារម្នាក់ទៀត ឈ្មោះ វ៉ី វឿន បានរងរបួសធ្ងន់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ក្នុងឱកាសចូលរួមគោរពវិញ្ញាណក្ខន្ធនោះ លោកឧត្តមសេនីយ៍ទោ ស ថេង ក៏បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគ ប្រគល់ជូនក្រុមគ្រួសារសព និងអ្នករងរបួស ដើម្បីជាការចូលរួមរំលែកទុក្ខ និងលើកទឹកចិត្ត។
សម្រាប់គ្រួសារសពមន្ត្រីនគរបាលជាតិទាំង២រូប ទទួលបានថវិកាក្នុងមួយសពចំនួន ៩លានរៀល ក្នុងនោះ ថវិកាចំនួន៣លានរៀល ជាថវិកាផ្ទាល់របស់លោកស្នងការនគរបាលខេត្តពោធិ៍សាត់ និងថវិកាចំនួន៦លានរៀល ជាថវិការបស់សមាគមមិត្តនគរបាលជាតិ ដែលលោកស្នងការបានសម្របសម្រួលបើកផ្តល់ជាមុន ព្រមទាំងអង្ករចំនួន១០០គីឡូក្រាម និងទឹកសុទ្ធ៦កេស។
ចំពោះគ្រួសារសពប្រជាការពារទាំង៣នាក់ ទទួលបានថវិកាក្នុងមួយសពចំនួន៥០ម៉ឺនរៀល អង្ករចំនួន៥០គីឡូក្រាម និងទឹកសុទ្ធ៤កេស។ ដោយឡែក លោក វ៉ី វឿន ដែលកំពុងសម្រាកព្យាបាលរបួសធ្ងន់នៅមន្ទីរពេទ្យ ទទួលបានថវិកាចំនួន៥០ម៉ឺនរៀល អង្ករចំនួន៥០គីឡូក្រាម និងទឹកសុទ្ធ៤កេសផងដែរ ។
ក្នុងឱកាសនោះ លោកស្នងការបានសម្តែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់កម្លាំងមន្ត្រីនគរបាល និងប្រជាការពារដែលបានពលីជីវិតក្នុងពេលបំពេញបេសកកម្ម ដោយចាត់ទុកថា វីរភាព និងការលះបង់របស់ពួកគាត់ គឺជាគំរូដ៏ថ្លៃថ្លានៃការបំពេញភារកិច្ច ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ៕






