(ពោធិ៍សាត់)៖ នាល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ មានករណីអំពើឃាតកម្មដ៏រន្ធត់ និងសោកសង្រេងមួយ បានកើតឡើងនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលបង្កឡើងដោយជនសង្ស័យជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន និងអំពើហិង្សាក្នុងគ្រួសារ។
យោងតាមរបាយការណ៍បឋមពីសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ពីគ្រួសារជនសង្ស័យ កម្លាំងសមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុ ហើយជនសង្ស័យបានធ្វើសកម្មភាពគំរាមកំហែង និងបានបំផ្ទុះគ្រាប់បែកដាក់កម្លាំងសមត្ថកិច្ច ខណៈពេលកំពុងអន្តរាគមន៍។
ក្នុងហេតុការណ៍ដ៏កក្រើកនេះ បានបណ្តាលឱ្យមានការបាត់បង់ជីវិត និងរបួសធ្ងន់ធ្ងរដល់កងកម្លាំងសមត្ថកិច្ច និងប្រជាការពារ។
ចំពោះជនរងគ្រោះ និងជនសង្ស័យក្នុងហេតុការណ៍ រួមមាន៖
១– ឈ្មោះ សោមរ៉ា នាយប៉ុស្ដិ៍ (ស្លាប់)
២– ឈ្មោះ ជ្រន ប្រឹម ប្រជាការពារ (ស្លាប់)
៣– ឈ្មោះ សុខ អាន ប្រជាការពារ (ស្លាប់)
៤– ឈ្មោះ ចិន្ដា ប្រជាការពារ (ស្លាប់)
៥– ឈ្មោះ អែម ដុំ ជនសង្ស័យ (ស្លាប់)
៦– ឈ្មោះ វ៉ី វឿន ប្រជាការពារ (របួសធ្ងន់ – កំពុងបញ្ជូនសង្គ្រោះបន្ទាន់ យ៉ាងយកចិត្តទុកដាក់បំផុត)
៧– ឈ្មោះ សូ សុវណ្ណរិទ្ធ មន្ត្រីប៉ុស្ដិ៍ (របួសធ្ងន់ និងបានស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ)។
ភ្លាមៗនោះ ក្រោមការយកចិត្តទុកដាក់ និងការដឹកនាំផ្ទាល់ពី ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ អាជ្ញាធរ និងក្រុមគ្រូពេទ្យជំនាញ កំពុងប្រឹងប្រែងបង្ការសង្គ្រោះជីវិតជនរងគ្រោះដែលនៅរស់រានមានជីវិត (វ៉ី វឿន) ស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ឆ្ពោះទៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ដោយយកចិត្តទុកដាក់ខ្ពស់បំផុត។
បច្ចុប្បន្ន ក្រោមការបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម អភិបាលខេត្ត កម្លាំងសមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវ និងចាត់ការតាមនីតិវិធីច្បាប់ ដើម្បីបន្តនីតិវិធីពាក់ព័ន្ធនឹងហេតុការណ៍អសន្តិសុខនេះ៕






