ចែករំលែក៖

ឯកឧត្តម វ៉ី សំណាង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ របស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ

តាកែវ ៖ នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តឆមាសទី២ របស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ។

ពិធីនេះ បានរៀបចំធ្វើឡើងនៅសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ដែលស្ថិតនៅភូមិ៣ សង្កាត់រការក្នុង ក្រុងដូនកែវ ដោយមានការចូលរួមពីលោក លោកស្រី  ជាសមាជិក សមាជិកា គណៈកម្មាធិការសាខា លោកនាយកប្រតិបត្តិ រួមនឹងមន្រ្តីកាកបាទក្រហមជាច្រើនរូបទៀត។

ក្រោយពីស្ដាប់របាយការណ៍ដែលអានដោយ លោក យឹម ច័ន្ទថន នាយកប្រតិបត្តិសាខា រួចមក ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្ដែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រែងប្រែង របស់សមាជិក សមាជិការ និងមន្រ្តីកាកបាទក្រហមទាំងអស់ ដែលកន្លងមក បានធ្វើការងារមនុស្សធម៌យ៉ាងសកម្ម ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋទីទ័លក្រ រងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ព័ណ៌សម្បុរ  រឺនិន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាចាំជួយជានិច្ច។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់មន្រ្តីកាកបាទក្រហមទាំងអស់ យកចិត្តទុកដាក់ និងដាក់ចេញផែនការសកម្មភាពនានា សំដៅត្រៀមបង្ការ ទប់ស្កាត់គ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងដោយយថាហេតុ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះបានទាន់ពេលវេលា បន្តលើកកម្ពស់សុខភាពអនាម័យនៅតាមមូលដ្ឋាន និងបង្កើនការបណ្ដុះបណ្ដាលវិជ្ជាសង្គ្រោះបឋមដល់យុវជនស្ម័គ្រចិត្តឱ្យបានច្រើនថែមទៀតផងដែរ៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

Scroll to Top