សៀមរាប៖ ព្រះយសោធរញាណ ឡោម សុឈាត ព្រះរាជាគណកិត្តិយស និងជាព្រះគ្រូចៅអធិកាវត្តព្រះសិអារ្យ និមន្តដឹកនាំព្រះភិក្ខុសង្ឃ មកពីក្រុងសៀមរាប សៀមរាប នាំយកទៀនព្រះវស្សា និងទ័យវត្ថុ វេរប្រគេនដល់ព្រះសង្ឃគង់នៅវត្តប្រាសាទបីរស្មីចំការគរ ស្ថិតនៅភូមិចំការគរ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសថ្ងៃបុណ្យចូលព្រះវស្សា។
ព្រះយសោធរញាណ ឡោម សុឈាត មានសង្ឃដីថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនាបានផ្តល់ការអប់រំផ្លូវចិត្ត ឲ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា ។ ព្រះអង្គមានសង្ឃដីការបន្តថា ដោយមើលឃើញពីវត្តអារាមនៅតំបន់ឆ្ងាយៗ មានការខ្វះខាត ព្រះចៅអធិការវត្តព្រះសិអារ្យ និងព្រះសង្ឃគង់នៅវត្តក្នុងក្រុងសៀមរាប ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានមូលមតិស្រុះស្រួល នាំយកទៀនព្រះវស្សា ទ័យវត្ថុ និងបច្ច័យ វេរប្រគេនដល់ព្រះសង្ឃគង់នៅវត្តប្រាសាទបីរស្មីចំការគរ។ ព្រះអង្គមានសង្ឃដីកាថា តាមទំនៀមក្នុងសង្គមខ្មែរ ព្រះសង្ឃតែងនិមន្ត “ចូលព្រះវស្សា” ឬ “គង់ចាំព្រះវស្សា” រយៈពេល៣ខែ ដោយកំណត់ពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។
ក្នុងឱកាសនោះ ព្រះយសោធរញាណ ឡោម សុឈាត ព្រះរាជាគណកិត្តិយស និងជាព្រះគ្រូចៅអធិកាវត្តព្រះសិអារ្យ និមន្តដឹកនាំព្រះភិក្ខុសង្ឃ បានវេរប្រគេននូវ ទៀនព្រះវស្សា និង គ្រឿងឧបភោគបរិភោគរួមាន៖ អង្ករ, ទឹកបរិសុទ្ធ, មី, ភេសជ្ជៈ និងបច្ច័យ៤ សម្រាប់ចាត់ចែងកសាង និងទ្រទ្រង់ការគង់ចាំវស្សារបស់ព្រះសង្ឃក្នុងវត្តប្រាសាទបីរស្មីចំការគរ ស្ថិតនៅភូមិចំការគរ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យផងដែរ។
ព្រះយសោធរញាណ ឡោម សុឈាត ក៏បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះចៅអធិការ និងព្រះសង្ឃគ្រប់ព្រះអង្គ គង់នៅក្រុងសៀមរាប ព្រមទាំងញោមញាតិ សប្បុរសជន ជិតឆ្ងាយ ដែលបាននិមន្ត និងអញ្ជើញចូលរួម វេរប្រគេនទៀនព្រះវស្សា និងទ័យវត្ថុ ព្រមទាំងបច្ច័យ នាពេលនេះ
ជាចំណែកទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ការវេរប្រគេនទាននាពេលនេះ មិនត្រឹមតែជាការសាងកុសលផលបុណ្យតាមបែបព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីកម្លាំងសាមគ្គីភាពយ៉ាងរឹងមាំ ផងដែរ។
ជាមួយគ្នានេះដែរ ព្រះចៅអធិការ វត្តប្រាសាទបីរស្មីចំការគរ ស្រុកស្វាយចេក បានសម្តែងនូវព្រះទ័យរីករាយ និងបានប្រកាសអនុមោទនា យកនូវកុសលផលបុណ្យ ព្រមទាំងបានប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ ប្រគេន និងជូនដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងញាមញាតិទាំងអស់ ឲ្យជួបប្រទះតែពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
បន្ទាប់ពីបញ្ចប់កិច្ចប្រគេនទៀនព្រះវស្សា នៅវត្តប្រាសាទបីរស្មីចំការគរ ស្រុកស្វាយចេក រួចមក ព្រះយសោធរញាណ ឡោម សុឈាត ព្រះរាជាគណកិត្តិយស និងជាព្រះគ្រូចៅអធិកាវត្តព្រះសិអារ្យ និមន្តដឹកនាំព្រះសង្ឃ និងពុទ្ធបរិស័ទ បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគជាច្រើនមុខ ទៅចែកជូនដល់វីរកងទ័ពជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតំបន់ទិសខេត្តបន្ទាយមានជ័យ ៣គោលដៅ។
ពិធីដ៏មានអត្ថន័យនេះ ព្រះយសោធរញាណ ឡោម សុឈាត មានសង្ឃដីកាថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះកងទ័ពទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីអង់អាចក្លាហាន ដើម្បីការពារទឹកដីមាតុភូមិ។ ព្រះអង្គមានសង្ឃដីកាបន្ថែមថា «យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ សូមជួយបីបាច់ថែរក្សាកងទ័ពទាំងអស់ សូមឱ្យចៀសផុតពីគ្រោះថ្នាក់ទាំងពួង សូមឱ្យមានសុខភាពល្អបរិបូរណ៍ដើម្បីបន្តភារកិច្ចការពារជាតិមាតុភូមិ។ ទង្វើរបស់យោធិនគ្រប់រូប គឺជារនាំងការពារសន្តិភាព និងភាពសុខដុមរមនារបស់ប្រជាជនខ្មែរទាំងមូល»។
តំណាងកងទ័ពបានសម្តែងនូវក្តីរំភើបរីករាយ និងអរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់ព្រះសង្ឃ និងពុទ្ធបរិស័ទ មកពីខេត្តសៀមរាប និងបានថ្លែងថា «យើងខ្ញុំទាំងអស់គ្នាសូមគោរពទទួលយកអំណោយទាំងនេះទុកជាកម្លាំងចិត្តដ៏ធំធេង ដែលជាការលើកទឹកចិត្តឱ្យយើងខ្ញុំមានស្មារតីរឹតតែមោះមុតក្នុងការបំពេញភារកិច្ច។ ទឹកចិត្តសាមគ្គីគ្នារវាងសមរភូមិក្រោយ និងសមរភូមិមុខបានបង្ហាញឱ្យឃើញថា ជាតិខ្មែរទាំងមូលគឺជាគ្រួសារតែមួយ»។
ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការផ្តល់អំណោយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីស្មារតីសាមគ្គីភាព និងការដឹងគុណរបស់ប្រជាជន ទូទៅចំពោះវីរភាពរបស់កងទ័ព ដែលកំពុងបំពេញភារកិច្ចយ៉ាងលំបាក។ ការចូលរួមរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សីលធម៌ និងភាពកក់ក្តៅដល់វីរកងទ័ពជួរមុខផងដែរ៕






