ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានដឹកនាំសហការីទៅសំណេះសំណាលសាកសួរសុខទុក្ខ ឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ និងដាក់បទបញ្ជាដល់កងកម្លាំងចម្រុះប្រចាំការនៅទីបញ្ជាការស្រាលចំនួន ៣ គោលដៅថ្មីទៀត នៅស្រុកសណ្ដាន់ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការស្រាលនៅតំបន់ព្រៃសហគមន៍អូរដាស់ស្គរ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
លោកវរសេនីយ៍ទោ អ៊ូ សុធា មេបញ្ចាការផ្នែកសឹករងសណ្ដាន់ និងលោកអនុសេនីយ៍ឯក ប្រេស ឈុនឡៃ អនុប្រធានទីបញ្ចាការស្រាលតំបន់អូរសោម និងលោកអនុសេនីយ៍ទោ អ៊ូ ឡម ប្រធានទីបញ្ជាការស្រាលប្រចាំការនៅតំបន់អូរក្រញូង និងអូរដាស់ស្គរបានឡេីងរាយការអំពីលទ្ធផលសំខាន់ៗ និងបញ្ហាប្រឈមមួយចំនួនទៀតដែលត្រូវធ្វើការដោះស្រាយ។ ជាមួយនេះដែរ កងកម្លាំងចម្រុះនៅទីបញ្ចាការស្រាលទាំង ៣ គោលដៅ ដែលមានភារកិច្ចការពារតំបន់ព្រៃសហគមន៍ និងដែនជំរកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្រ្តស្រុកសណ្ដាន់ បានបន្តប្ដេជ្ញាចិត្តអនុវត្តអោយបានម៉ឺងម៉ាត់តាមបទបញ្ជារបស់គណកម្មការ ការពារ ទប់ស្កាត់ នឹងបង្ក្រាបបទល្មេីសធនធានធម្មជាិតខេត្តកំពង់ធំ អោយទទួលបានជោគជ័យ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរដល់កងកម្លាំងចម្រុះដែលប្រចាំការនៅទីបញ្ជាការស្រាលទាំង ៣ គោលដៅ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចមិនខ្លាចលំបាកនឿយហត់ ទោះបីជួបការលំបាកនឹងឧបសគ្គមួយចំនួនដូចជាការខូចខាតមធ្យោបាយធ្វើដំណើរ ភូមិសាស្ត្រលំបាកស្មុគស្មាញ និងកិច្ចការធានាមួយចំនួនក្ដី តែបងប្អូនបានខិតខំបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមផែនការដែលថ្នាក់ដឹកនាំបានប្រគល់ជូន។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាដល់កង កម្លំាងចម្រុះទាំងអស់: ទី១ ត្រូវបង្រា្កបអោយបាននូវសកម្មភាពកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ។ ទី២ ត្រូវបង្រ្កាបអោយបានការកាប់នឹងដឹកជញ្ជូនផល អនុផលព្រៃឈេីដែលខុសច្បាប់ និងទី៣ កងកម្លំាងចម្រុះទាំងអស់ មិនត្រូវពាក់ព័ន្ធ ឫគប់គិតទទួលផលប្រយោជន៍ពីជនដែលប្រព្រឹិត្តបទល្មេីសខុសច្បាប់ស្ដីពីព្រៃឈេីជាដាច់ខាត។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងប្រេងឥន្ធនៈដែលជាអំណោយរបស់ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ជូនដល់កងកម្លាំងចម្រុះទាំង ៣ គោលដៅ ដេីម្បីប្រេីប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ក្នុងការបំពេញភារកិច្ចអោយទទួលបានជោគជ័យជាថ្មីទៀត។






