តាកែវ៖ នាព្រឹកថ្ងៃសុក្រ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា និងបានប្រកាសគាំទ្រយ៉ាងពេញទំហឹងលើ “ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង” (Urban Infrastructure Development Project – UIDP) ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលសិក្សាស្រាវជ្រាវដោយ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងភូមិសាស្ត្រខេត្តតាកែវ។
ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធទីក្រុង (UIDP) នេះ គឺជាគម្រោងយុទ្ធសាស្ត្រដ៏មានសារៈសំខាន់បំផុតសម្រាប់ខេត្តតាកែវ។ ឯកឧត្តមបានបន្តថា នៅពេលណាដែលគម្រោងនេះត្រូវបានសិក្សាចប់សព្វគ្រប់ ហើយលេចចេញជា រូបរាងឡើងនៅលើទឹកដីនៃខេត្តតាកែវ វានឹងចូលរួមចំណែកយ៉ាងធំធេងក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវសុខភាពសាធារណៈ ក៏ដូចជាលើកកម្ពស់សោភ័ណភាព និងបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរទ្វេឡើង។
ឯកឧត្តមបានបន្តថា គម្រោងនេះ គឺបានយកចិត្តទុកដាក់ និងគិតគូរបានយ៉ាងគ្រប់ជ្រុងជ្រោយ ទាំងផលប៉ះពាល់ទៅលើសុខភាពមនុស្ស សត្វ និងបរិស្ថាន ជាពិសេសគឺប្រព័ន្ធគ្រប់គ្រង ទុកដាក់ និងការញែកសំរាមសំណល់រឹងឱ្យបានត្រឹមត្រូវ តាមស្តង់ដារបច្ចេកទេស។
ផ្អែកលើសារៈសំខាន់នៃគម្រោងនេះ ថ្នាក់ដឹកនាំខេត្តតាកែវ បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោយពេលការសិក្សាសមិទ្ធិលទ្ធភាពត្រូវបានបញ្ចប់ជាស្ថាពរ គម្រោងនេះនឹងរុញច្រានឱ្យខេត្តតាកែវ ក្លាយជាទីក្រុងដែលមានការអភិវឌ្ឍប្រកបដោយចីរភាព បៃតង និងមានប្រព័ន្ធគ្រប់គ្រងកាកសំណល់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ឆ្លើយ តបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ៕






