ចែករំលែក៖

ថ្នាក់ដឹកនាំខេត្តកំពង់ធំ ជំរុញការយល់ដឹងពីច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ដើម្បីលើកកម្ពស់សិទ្ធិស្ត្រីនិងកុមារ

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត កំពង់ធំ បានរៀបចំវគ្គផ្សព្វផ្សាយស្តីពីច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការពារជនរងគ្រោះ ដល់សមាជិកគណៈកម្មាធិការក្រុង-ស្រុកទាំង៩ និងអាជ្ញាធរពាក់ព័ន្ធ។ វគ្គនេះមានគោលបំណងពង្រឹងចំណេះដឹង និងសមត្ថភាពក្នុងការការពារជនរងគ្រោះឱ្យបានទាន់ពេលវេលា ព្រមទាំងជំរុញកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សា ជាពិសេសអំពើហិង្សាផ្អែកលើយេនឌ័ ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកជំទាវ ស៊ឹម សុវណ្ណរិទ្ធ ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តកំពង់ធំ និងមានការចូលរួមពីលោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរអង្គភាពពាក់ព័ន្ធ អង្គការដៃគូ និងសមាជិកគណៈកម្មាធិការនានា សរុបជាង ៣០០នាក់។ កម្មវិធីនេះរៀបចំឡើងនៅ សាលប្រាសាទសំបូរព្រៃគុក (អគារ A) ខេត្តកំពង់ធំ។

លោកជំទាវ ស៊ឹម សុវណ្ណរិទ្ធ បានមានប្រសាសន៍ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត រដ្ឋាភិបាលកម្ពុជាតែងផ្តល់អាទិភាពខ្ពស់លើការលើកកម្ពស់សមភាពយេនឌ័រ ការបង្កើនភាពអង់អាចដល់ស្ត្រី និងកុមារី ព្រមទាំងការពារសិទ្ធិ និងសុខុមាលភាពប្រជាពលរដ្ឋគ្រប់រូប ដោយចាត់ទុក “ស្ត្រី ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ”។ ទោះបីជាមានការយកចិត្តទុកដាក់ខ្ពស់ក៏ដោយ អំពើហិង្សាទាក់ទងនឹងយេនឌ័រ (ជាពិសេសអំពើហិង្សាក្នុងគ្រួសារ) នៅតែជាបញ្ហាប្រឈមធំធេង។ អំពើហិង្សានេះមិនត្រឹមតែជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឧបសគ្គរារាំងដល់ការអភិវឌ្ឍធនធានមនុស្ស យុត្តិធម៌សង្គម និងសន្តិសុខសុវត្ថិភាពក្នុងសហគមន៍ទៀតផង។

លោកជំទាវ លំ គន្ធារី តាមរយៈកិច្ចប្រជុំផ្សព្វផ្សាយនេះ យើងបានទទួលនូវចំណេះដឹងថ្មីៗ និងការយល់ដឹងកាន់តែច្បាស់អំពីគោលបំណង សារៈសំខាន់ និងខ្លឹមសារសំខាន់ៗនៃច្បាប់ ព្រមទាំងតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ស្ថាប័នពាក់ព័ន្ធក្នុងការការពារ និងគាំទ្រជនរងគ្រោះដោយអំពើរំលោភបំពានគ្រប់រូបភាព។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីបញ្ចប់សិក្ខាសាលានេះ សិក្ខាកាមទាំងអស់នឹងយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបាន ទៅអនុវត្តក្នុងការបំពេញ តួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់ការការពារ ការគាំទ្រ និងការផ្តល់យុត្តិធម៌ជូនជនរងគ្រោះឱ្យបានទាន់ពេលវេលា និងសមស្របតាមបញ្ញត្តិច្បាប់ជាធរមាន។

ជាមួយគ្នានេះដែរ លោកជំទាវបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធទាំងអស់ បន្តពង្រឹងកិច្ចសហការ ការផ្សព្វផ្សាយ និងការអនុវត្តច្បាប់នេះឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីរួមចំណែកទប់ស្កាត់ និងកាត់បន្ថយអំពើរំលោភបំពាននានា ក៏ដូចជាបង្កើតបរិយាកាសសង្គមមួយដែលមានសុវត្ថិភាព សមធម៌ និងគោរពសិទ្ធិមនុស្ស ជាពិសេសការលើកកម្ពស់សិទ្ធិស្ត្រី និងកុមារ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

Scroll to Top