ចែករំលែក៖

អភិបាលស្រុកស្ទោង អំពាវនាវឱ្យពលរដ្ឋក្នុងមូលដ្ឋានមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតភ្លៀងផ្គរ រន្ទះ ខ្យល់កន្ត្រាក់នារដូវវស្សានេះ

កំពង់ធំ៖ លោក សាយ គឹមឡម បានធ្វើការអំពាវនេះនៅក្នុងឱកាសដែលលោកអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារម្ចាស់ផ្ទះដែលបានរងគ្រោះពីបាតុភូតភ្លៀង ផ្គរ ខ្យល់កន្ត្រាក់ រន្ទះ នៅក្នុងឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦។

ជាមួយគ្នានេះលោកបានសម្ដែងសមានចិត្តចូលរួមសោកស្ដាយក្រៃលែងជាមួយម្ចាស់ផ្ទះគ្រប់គ្នាដែលបាន រងផលប៉ះពាល់ ដល់ផ្ទះសម្បែងជាទីជម្រកដ៏កក់ក្តៅ និងស្រឡាញ់ស្មើជីវិតក្នុងឧប្បទ្ទវហេតុគ្រោះធម្មជាតិ ដែលមិនអាចគ្រប់គ្រងបានមួយនេះ ជាពិសេសលោកបានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ឯកឧត្តមតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខ ជីវភាព និងការប្រកបអាជីវកម្មរស់នៅរបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជានៅក្នុងស្រុកស្ទោងទាំងមូល។

ទន្ទឹមនិងនេះលោកបានជំរុញបន្ថែមដល់លោកមេភូមិ អនុភូមិជំនួយការភូមិ រដ្ឋបាលឃុំត្រូវតាមដានយកចិត្តទុកដាក់ខ្ពស់ពីបញ្ហាអាកាសធាតុ និងបញ្ហាគ្រោះធម្មជាតិដែលបានកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយធ្វើរបាយការណ៍ និងរាយការណ៍ឱ្យបានជាប់ជាប្រចាំ ព្រមទាំងស្នើសុំនូវស្បៀងសម្រាប់សង្គ្រោះបឋមដល់រដ្ឋបាលស្រុកស្ទោង និងក្រុមការងារចុះមូលដ្ឋានឃុំ ដើម្បីបានជួយឧបត្ថម្ភគាំទ្រសង្គ្រោះទាន់ពេលវេលា។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋរងគ្រោះដែលទទួលបានអំណោយសង្គ្រោះនៅពេលនេះមានចំនួន១៦គ្រួសារ ដែលក្នុងមួយគ្រួសារៗទទួលបាននូវ៖ អង្ករ ១បេ មី ១កេស ទឹកស៊ីអ៊ីវ១យួរ និងត្រីខ ១យួរផងដែរ ដែលបានរងគ្រោះកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២៦។ ប្រភព៖ រដ្ឋបាលស្រុកស្ទោង

Scroll to Top