ចែករំលែក៖

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ រាយការណ៍ពីស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា–ថៃ និងបញ្ជាក់ការប្ដេជ្ញាចិត្តរបស់កម្ពុជា ដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដល់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសជប៉ុន

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក HAYASHI Teiji ឯកអគ្គរាជទូតជប៉ុន ទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ នៃក្រសួងការបរទេសជប៉ុន។

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិរវាងកម្ពុជា និងជប៉ុន ព្រមទាំងបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងភាពជាដៃគូដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ក៏បានជម្រាបជូនអំពីស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា–ថៃ និងបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ និងបានថ្លែងអំណរគុណដែលជប៉ុនតែងតែអញ្ជើញចូលរួមក្នុងការបំពេញបេសកកម្មរបស់ប្រទេសសមាជិកក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះសង្កេតការណ៍ស្ថានការណ៍នៃការគោរព និងអនុវត្តបទឈប់បាញ់រវាង កម្ពុជា-ថៃ។

ជាការឆ្លើយតប លោក HAYASHI ក៏បានបញ្ជាក់អំពីឆន្ទៈរបស់រដ្ឋាភិបាលជប៉ុន ក្នុងការគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ៕

Scroll to Top