(កំពង់ធំ)៖ ឯកឧត្តម ចុង ផែត អនុរដ្ឋលេខាធិការ និងជានាយករងគម្រោង នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទព្រមទាំងអាជ្ញាធរជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យស្ថានភាពនៃការស្ថាបនាផ្លូវចំនួន២ខ្សែ ប្រវែងជាង៨គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
លោក ជិន ហ៉ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យ បានឱ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទតាមរយៈគម្រោងប្រកួតប្រជែងខ្សែច្រវ៉ាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ដែលទទួលបានថវិកាបន្ថែមពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ទីភ្នាក់ងារសម្រាប់អភិវឌ្ឍន៍បារាំង(AFD) និងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសខ្សែផ្លូវបន្ថែមចំនួន២ខ្សែ ក្នុងឃុំសាលាវិស័យ សម្រាប់សាងសង់ជាផ្លូវក្រាលកៅស៊ូពីរជាន់(DBST) និងកម្រាលបេតុង ដែលនឹងកំពុងសាងសង់ និងដំណើរការស្ថាបនានេះ។
ក្នុងនោះលោកមេឃុំបានបញ្ជាក់ថា÷ ដំណើរការនៃគម្រោងសាងសង់បានចាប់ផ្ដើមមានផ្លូវ២ខ្សែ ក្នុងភូមិសាស្ត្រឃុំសាលាវិស័យ រួមមាន÷ -ខ្សែទី១ ប្រវែង៣.៤៣គីឡូម៉ែត្រ តភ្ជាប់ពីភូមិចំណារ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ទៅភូមិអូរគ្រូកែ ឃុំសបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
-ខ្សែទី២ ប្រវែង៤.៨១គីឡូម៉ែត្រ តភ្ជាប់ពីភូមិខ្មាក់ ទៅភូមិវាលល្ពាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ។
លោកបន្តថា ផ្លូវ និងស្ពាន គឺជា សរសៃឈាមសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ នៃយុទ្ធសាស្ត្របញ្ចកោណ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) របស់រាជរដ្ឋាភិបាលកម្ពុជា។ ហេដ្ឋារចនាសម្ព័ន្ធទាំងនេះជួយសម្រួលការធ្វើដំណើរ ដឹកជញ្ជូនកសិផល ជំរុញទេសចរណ៍ និងតភ្ជាប់សេដ្ឋកិច្ចមូលដ្ឋានទៅកាន់ទីផ្សារ ពិសេសតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ។
លោក សេង សារ៉ាត អភិបាលរងនៃគណៈអភិបាលស្រុក បានឱ្យដឹងថា ផ្លូវ២ខ្សែនេះ បានសម្រួលដល់អត្ថប្រយោជន៍សេដ្ឋកិច្ចដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការប្រាស័្រយទាក់ទងគ្នាពីភូមិមួយទៅភូមិមួយនៅក្នុងមូលដ្ឋានឃុំ/ស្រុក ដោយបងប្អូននៅក្នុងភូមិសាស្ត្រ ឃុំសាលាវិស័យ ទាំងប្រាំង និងវស្សា ក្រៅពីការធ្វើស្រូវចំការ បានធ្វើការដាំបន្លែបង្កាគ្រប់មុខរួមផ្សំដើមី្បផ្គត់ផ្គង់ដល់ទីផ្សារទៀតផង។ ម៉្យាងទៀតផ្លូវ២ខ្សែនេះ ជួយសម្រួលដល់ចរាចរណ៍របស សិស្សានុសិស្ស ,ដឹកជញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យ ,ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ និងជាផ្លូវទៅកាន់តំបន់ទេសចរណ៍ប្រវត្តិសាស្រ្តប្រាសាទសំបូរព្រៃគុក។
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ បានជំរុញលើកទឹកចិត្តដល់ម្ចាស់ក្រុមហ៊ុនម៉ៅការសាងសង់ដែលកំពុងស្ថាបនាផ្លូវ២ខ្សែនេះត្រូវធ្វើយ៉ាងណាធ្វើតាមបច្ចេកទេសស្តង់ដារធានាឱ្យបាននៅគុណភាព ស្តង់ដាដែលបានចុះកិច្ចសន្យា និងកិច្ចព្រមព្រៀង ក្នុងការស្ថាបនាផ្លូវ សំណង់សិល្បៈការ្យ ដើមី្បធានានូវគុណភាព និងការប្រើប្រាស់ឱ្យបានយូរអង្វែង ព្រមទាំងបានគូសបញ្ជាក់ថា ស្ថិតនៅក្រោមម្លប់សុខសន្តិភាព ប្រទេសជាតិយើងក៏មានការអភិវឌ្ឍនលើគ្រប់វិស័យតាំងពីទីប្រជុំជនមកដល់ជនបទ។ កត្តាសំខាន់នោះ គឺហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលជាសរសៃឈាមសេដ្ឋកិច្ចជាតិ ពិសេសសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋយើង (មានផ្លូវគឺមានក្តីសង្ឃឹម)។ ដូច្នេះ យើងគ្រប់រូប ត្រូវអរគុណសន្តិភាព អរគុណនយោបាយឈ្នះ-ឈ្នះ, ដឹងគុណជានិច្ចមគ្គទេសក៍ឯក សម្តេចតេជោ ហ៊ុន សែន និងប្រតិបត្តិករ នៃនយោបាយឈ្នះ-ឈ្នះ ដែលបានបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ព្រមទាំងបង្កើតបានសន្តិភាព និងការបង្រួបបង្រួមទឹកដីពេញលេញនៅកម្ពុជា នាំមកនូវការអភិវឌ្ឍន៍ ។
ក្នុងនោះឯកឧត្តម ចុង ផែត អនុរដ្ឋលេខាធិការ និងជានាយករងគម្រោង ក៏បានធ្វើការផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលបានរស់នៅតាមដងផ្លូវនេះ ត្រូវចូលរួមសហការជាមួយក្រុមហ៊ុនសាងសង់ ក្នុងការសម្រួល លើការស្ថាបនាផ្លូវ២ខ្សែនេះឱ្យមានភាពល្អប្រសើរ និងជួយពន្លឿននៅក្នុងការសាងសង់ផ្លូវឱ្យបានលឿនតាមផែនការដែលបានគ្រោងទុក ពិសេសផលប៉ះពាល់ អាជ្ញាធរមូលដ្ឋាននិងបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមដោះស្រាយ និងលះបង់ជាសាធារណៈ ដើម្បីឱ្យផ្លូវមានភាពធន់ មានគុណភាព និងមានសោភ័ណភាព ពោលគឺហេដ្ឋារចនាសម្ព័ន្ធជនបទមានភាពល្អ ស្អាត ប្រកបដោយភាពស្រស់បំព្រង។






