ចែករំលែក៖

លោក ហ៊ត មនោ ត្រូវបានប្រកាសតែងតាំងជាអភិបាលស្រុកត្រាំកក់ថ្មី ជំនួស លោក កេត ម៉ៅ ត្រូវបានទទួលភារកិច្ចថ្មី

តាកែវ៖ លោក ហ៊ត មនោ អភិបាលរងក្រុងដូនកែវ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្វើការផ្លាស់ប្ដូរភារកិច្ចឲ្យកាន់តំណែងជាអភិបាលស្រុកត្រាំកក់ថ្មីជំនួសលោក កេត ម៉ៅ  ដែលត្រូវប្លាស់ប្ដូរឱ្យទៅបំរើការងារនៅសាលាខេត្ត។

ពិធីប្រកាសតែងតាំងអភិបាលស្រុកត្រាំកក់បានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះក្រោមអធិបតីភាព របស់ឯកឧត្តម យស់ ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវបានផ្ដាំផ្ញើដល់លោកអភិបាលស្រុកត្រាំកក់ដែលទើបតែងតាំងថ្មី ត្រូវប្រឹងប្រែងបំរើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងនិងត្រូវធ្វើយ៉ាងណាឱ្យស្រុកត្រាំកក់កាន់តែមានការអភិវឌ្ឍរីកចម្រើនឥតឈប់ជាពិសេសត្រូវ រួមគ្នាថែរក្សាការពារ សន្តិភាពស្ថិរភាពនយោបាយ ស្ថិរភាពសង្គមឱ្យបានល្អប្រសើរ។

ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានណែនាំឲ្យលោកអភិបាលស្រុកត្រាំកក់ដែលទើបតែងតាំងថ្មីត្រូវធ្វើយ៉ាងណាធ្វើការទប់ស្កាត់ការជួញដូរឬចែកចាយគ្រឿងញៀន និងត្រូវបង្ក្រាបឲ្យបានចំពោះក្រុមក្មេងទំនើងមិនត្រូវបណ្ដែតបណ្ដោយឲ្យពួកគេអុកឡុកនៅតាមមូលដ្ឋានដែលបង្ករការប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនោះទេជាពិសេសទៅទៀតនោះគឺការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams តាមរយៈការចុះធ្វើរដ្ឋបាលដល់មូលដ្ឋាន និងណែនាំម្ចាស់រោងចក្រ សហគ្រាស ផ្ទះសំណាក់ និងបងប្អូនប្រជាពលរដ្ឋឲ្យរួមសហការជាមួយអាជ្ញាធរ ដើម្បីលប់បំបាត់កុំឲ្យមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន៕

Scroll to Top