តាកែវ ៖ នៅរសៀលថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ រួមដំណើរដោយសមាជិកគណៈកម្មាធិការសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ទៅចែកជូនដល់គ្រួសារប្រជាពលរដ្ឋចំនួន ៣៩គ្រួសារ ដែលបានរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ កាលពីពេលកន្លងទៅ ស្ថិតនៅក្នុងឃុំចំនួន២ នៃស្រុកគិរីវង់ ខេត្តតាកែវ។
ក្នុងចំណោមគ្រួសាររងគ្រោះទាំង ៣៩គ្រួសារនោះ រួមមាន ឃុំអង្គប្រាសាទចំនួន ២៤គ្រួសារ (ក្នុងនោះមានផ្ទះរលំទាំងស្រុងចំនួន ០១ខ្នង )និងឃុំរាមអណ្តើកចំនួន ១៥គ្រួសារ ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ប្រធានកិត្តិយសសាខា ជាពិសេសពីសំណាក់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬសាសនាអ្វីឡើយ ស្របតាមទិសស្លោក «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
សម្ភារដែលបានប្រគល់ជូនដល់គ្រួសាររងគ្រោះទាំង ៣៩គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥ គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ ប្រេងឆា ១លីត្រ, ទឹកត្រី ៣ដប, ទឹកស៊ីអ៊ីវ ៣ដប, នំកញ្ចប់ធំ ១មុង ១, ភួយ ១, កន្ទេល ១, សារុង ១, ក្រមា ១ ថវិកាចំនួន ២០,០០០ រៀល។
ដោយឡែក ចំពោះគ្រួសារដែលរងគ្រោះរលំផ្ទះទាំងស្រុងចំនួន ០១គ្រួសារនោះ សាខាខេត្តបានឧបត្ថម្ភបន្ថែមនូវ តង់ចំនួន ០១ និងថវិកាចំនួន ២០០,០០០ រៀល ផ្សេងទៀត ដើម្បីជួយសម្រាលការលំបាកចំពោះមុខក្នុងការស្នាក់នៅបណ្តោះ អាសន្នផងដែរ៕
ប្រភព ៖ រដ្ឋបាលខេត្តតាកែវ






