(សៀមរាប)៖ យោងតាមប្រភពពីលោក ផែង វណ្ណៈ ដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា ប្រភពច្បាស់ការពីមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហើបថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការងារ លោកវរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តបាត់ដំបង ជាបណ្តោះអាសន្ន ដើម្បីបើកការស្រាវជ្រាវលើភាពមិនប្រក្រតី ក្នុងការកសាងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើងនៅខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ។
ប្រភពដដែលបានបញ្ជាក់ទៀតថា ការសម្រេចផ្អាកការងារនេះ គឺធ្វើឡើងក្នុងគោលបំណងធានាដល់តម្លាភាព និងភាពយុត្តិធម៌ ក្នុងដំណើរការស៊ើបអង្កេត និងពិនិត្យឡើងវិញលើសំណុំរឿងដែលកំពុងទទួលការចាប់អារម្មណ៍ពីសាធារណជន និងមហាជននៅលើបណ្ដាញសង្គម។
ជុំវិញករណីនេះ មហាជនជាច្រើនបានសម្ដែងការគាំទ្រ ចំពោះចំណាត់ការរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដោយចាត់ទុកថា ជាជំហានវិជ្ជមានក្នុងការពង្រឹងការអនុវត្តច្បាប់ និងការទទួលខុសត្រូវរបស់មន្ត្រីអនុវត្តច្បាប់។
ទន្ទឹមនឹងនេះ ក្រុមគ្រួសារសពជនរងគ្រោះ ក៏ត្រូវបានគេមើលឃើញថា កំពុងមានក្តីសង្ឃឹមកាន់តែខ្លាំងឡើង ក្នុងការទទួលបានពន្លឺយុត្តិធម៌ បន្ទាប់ពីមានការចាត់វិធានការជាក់ស្តែងពីសំណាក់ថ្នាក់ដឹកនាំពាក់ព័ន្ធ៕








