ចែករំលែក៖

ទីតាំងផលិតបារីមួយកន្លែង សង្ស័យគ្មានច្បាប់អនុញ្ញាត នៅខណ្ឌកំបូល ពលរដ្ឋស្នើអាជ្ញាធរចុះពិនិត្យ

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេស ឯកឧត្តម ​ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងលោក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល មេត្តាចាត់វិធានការត្រួតពិនិត្យទីតាំងមួយកន្លែង ដែលសង្ស័យថា កំពុងបើកដំណើរការផលិតបារីក្លែងក្លាយ ដោយគ្មានច្បាប់អនុញ្ញាត ស្ថិតនៅភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

បើតាមការរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានឱ្យដឹងថា ទីតាំងខាងលើ ត្រូវបានសង្ស័យថា ជាកន្លែងផលិតបារីខុសច្បាប់ និងអាចជាកម្មសិទ្ធិរបស់ជនជាតិចិនមួយក្រុម ដែលកំពុងបើកដំណើរការជាប្រចាំ ដោយមិនឃើញមានការត្រួតពិនិត្យ ឬចាត់វិធានការពីសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននោះឡើយ។

ប្រជាពលរដ្ឋបានបង្ហាញការព្រួយបារម្ភថា ប្រសិនបើទីតាំងនេះពិតជាផលិតបារីក្លែងក្លាយ ឬបើកប្រតិបត្តិការដោយគ្មានអាជ្ញាបណ្ណស្របច្បាប់ នោះអាចបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ សណ្ដាប់ធ្នាប់សង្គម និងប៉ះពាល់ដល់ចំណូលពន្ធរដ្ឋផងដែរ។

ជុំវិញករណីនេះ អង្គភាពសារព័ត៌មានយើងខ្ញុំ សូមរក្សាជំហរអព្យាក្រឹត និងរង់ចាំការបកស្រាយពីភាគីពាក់ព័ន្ធ ក៏ដូចជាចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ចរៀងរាល់ម៉ោងធ្វើការ ដើម្បីបញ្ជាក់ការពិតជូនសាធារណជន។

Scroll to Top