ចែករំលែក៖

ល្បែងស៊ីសង អនឡាញ មាន់ជល់ និងឡូតូ កំពុងពង្វក់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រ សង្កាត់ចោមចៅទី3 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ…

ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានច្បាស់ការណ៍ បានឲ្យដឹងថា ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ មាន់ជល់ ឆ្នោតឡូតូ កំពុងតែបើកដំណើរការស្ថិតនៅក្នុងភូមិអូឌឹម សង្កាត់ចោមចៅទី3 ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ប្រភពដដែលបានឲ្យដឹងថា មកទល់ពេលនេះ មិនទាន់ឃើញមានការចុះត្រួតពិនិត្យ ឬបង្ក្រាបពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនោះឡើយ ជាពិសេសពីលោកវរសេនីយ៍ឯក ម៉ន​ វុធី​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ។

ជុំវិញករណីនេះ អង្គភាពសារព័ត៌មានយើង បានព្យាយាមទំនាក់ទំនងតាមប្រព័ន្ធតេឡេក្រាម ទៅកាន់ លោកវរសេនីយ៍ឯក ម៉ន​ វុធី​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ប៉ុន្តែគ្មានការឆ្លើយតប។ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ អង្គភាពសារព័ត៌មានយើងខ្ញុំពុំមានលេខទំនាកទំនង។

យោងតាម ច្បាប់ស្តីពីល្បែងស៊ីសង មាត្រា៦ បានចែងថា អ្នកបើក រៀបចំ សម្របសម្រួល ឬផ្តល់ទីកន្លែងសម្រាប់ល្បែងស៊ីសងខុសច្បាប់ ត្រូវផ្តន្ទាទោសពន្ធនាគារពី ១ឆ្នាំ ដល់ ៥ឆ្នាំ និងផាកពិន័យពី ៥លានរៀល ដល់ ២០លានរៀល ព្រមទាំងរឹបអូសវត្ថុតាង និងបិទទីតាំង។ ចំណែកមាត្រា៥ ចំពោះអ្នកចូលលេងល្បែងស៊ីសងខុសច្បាប់ ត្រូវផាកពិន័យប្រាក់ ឬឃុំខ្លួនបណ្តោះអាសន្ន តាមការសម្រេចរបស់តុលាការ។ ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ត្រូវចាត់ទុកជាបទល្មើសដូចគ្នានឹងល្បែងស៊ីសងផ្ទាល់។

ប្រជាពលរដ្ឋ សូមអំពាវនាវដល់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេសឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាចាត់វិធានការត្រួតពិនិត្យ និងបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការពារសុខុមាលភាពគ្រួសារ។

អង្គភាពសារព័ត៌មានយើងខ្ញុំ សូមបញ្ជាក់ថា ការផ្សាយព័ត៌មាននេះ ធ្វើឡើងតាមវិជ្ជាជីវៈសារព័ត៌មាន ក្នុងន័យរិះគន់ស្ថាបនា មិនមានចេតនាបំបែកបំបាក់ ឬញុះញង់បុគ្គល និងស្ថាប័នណាមួយឡើយ ហើយយើងខ្ញុំរង់ចាំទទួលការបកស្រាយពីភាគីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ស្របតាមច្បាប់របបសារព័ត៌មាន៕

Scroll to Top