ចែករំលែក៖

ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៦​ ​ស្រុក​ប្រាសាទបាគង អាចមានភាពខុសប្រក្រតី ព្រោះរថយន្តនីមួយៗដឹកលើសចំណុះ យ៉ាងណា ក៏មន្ត្រីប្រចាំការបើកភ្លើងខៀវ…

សៀមរាប៖ ក្រុម​ឈ្មួញ ដឹក​ទំនិញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត លើ​ផ្លូវជាតិ​លេខ​៦ បញ្ជាក់ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​យើង​ដឹងថា សព្វថ្ងៃ​នេះ​ប្រធាន​ជញ្ជីង​កំពុង​សប្បាយចិត្ត ក្នុងការប្រមូល​លុយ​ចែកគ្នា ធ្វើ​មាន​ធ្វើបាន យ៉ាង​សុខ​ស្រួល​ ទោះ​រថយន្ត​ធំៗ​ផ្ទុក​លើស​ទម្ងន់​នៅតែ​អាច​ធ្វើ​សកម្មភាព ទាំង​យប់​ទាំង​ថ្ងៃ ចំណែក​លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បែរជា​ធ្វើ​មិនដឹង មិនឮ​អ្វី​ទាំងអស់​។​

​ឈ្មួញ​ធំៗ និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ​ក៏ដូចជា​កសិកម្ម​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៦​ ក្នុង​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បានឲ្យដឹងថា ទោះបី​ពួកគេ​ផ្ទុក​លើស​ទម្ងន់ ឬ​មិន​លើស​ទម្ងន់​យ៉ាងណា​ក៏ដោយ ក៏​ត្រូវតែ​បង់​លុយ​តាម​ការកំណត់​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ​ក្នុងភូមិ​រលួសខាងលិច ឃុំរលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ​នោះដែរ​។​

​ក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​អះអាង​ថា​ពួកគាត់​ដឹកជញ្ជូន​ទំនិញ​ឬ​កសិផល​ផ្សេងៗ ដោយ​គោរព​តាម​ច្បាប់​កំណត់​ក៏​នៅតែ​ចៀស​មិន​ផុត​ពី​បង់លុយ ឲ្យ​ក្រុម​មន្ត្រី​ពុករលួយ ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត ក្នុងស្រុកប្រាសាទបាគង នោះឡើយ​។​

​ហេតុនេះហើយ​ទើប​មាន​ការអំពាវនាវ​ឲ្យ​ឯកឧត្តម​ ប្រាក់ សុភ័ណអភិបាល​ខេត្ត​សៀមរាប ក៏ដូចជា​ឯកឧត្តម​ ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ស្រុកប្រាសាទបាគង និង​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នេះជាបន្ទាន់ ។​

​ប្រភព​ពី​មន្ត្រី​ក្នុង​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​សៀមរាប​បានឲ្យដឹងថា ការ​ដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើ​ផ្លូវជាតិ​លេខ​៦​ក្នុងឃុំរលួស ​ស្រុក​ប្រាសាទបាគង អាចបានទទួលយកលុយ ​លុយ​ពី​ឈ្មួញ​និង​អាជីវករ​តាម​អំពើ​ចិត្ត​គឺ​មាន​ការ គុបគិត បើកដៃ​ពី​មន្ត្រី​ធំៗ​ នៅ​ខាងលើ​ផងដែរ​។​

​ជា​ការពិត ឈ្មួញ​មួយចំនួន​បាន​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ រថយន្ត​សណ្ដោង​កន្ទុយ​ សណ្ដោង​រ៉ឺម៉ក​ផ្ទុកទំនិញ​លើស​ទម្ងន់ បើកបរ​ឆ្លងកាត់​មុខ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​
ដោយ​គ្មាន​ការព្រួយបារម្ភ ផ្ទុយ​ទៅ​វិញ​មន្ត្រី​ទាំងនោះ គ្រាន់តែ​តម្រូវឲ្យ​ម្ចាស់​រថយន្តធំៗ​ ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​បង់លុយ​តាម​ការកំណត់ គឺជា​ការ​ស្រេច​ដោយ​មិន​ខ្វល់​ពី​រឿង​រថយន្ត​ទាំងនោះ​ធ្វើឲ្យ​ខូច​ផ្លូវខូច​ស្ពាន​ នោះទេ។​

​បើ​តាម​ការលើកឡើង​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងស្រុក​ប្រាសាទបាគង បាន​ឲ្យដឹងថា​ពេល​រថយន្ត​ធំៗ​ដឹក​ទំនិញ​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍​គឺ​តែងតែ​ឃើញ​ព្រួរថយន្ត​ឬ​អ្នកបើកបរ​រថយន្តរ​ត់យ៉ាង​ប្រសេចប្រសាច​ ទៅ​បង់លុយ​ឲ្យ​ប្រធាន​ជញ្ជីង​នឹង​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​តាម​ការកំណត់​ដោយ​មិន​អាច​តវ៉ា​បាន​ទេ​។​

​ប្រសិនបើ​ឈ្មួញ​ឬ​អាជីវករ​ណា​ហ៊ាន​តវ៉ា​ប្រាកដ​ជា​ត្រូវ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើ​ផ្លូវជាតិ​លេខ ៦ ក្នុងភូមិសាស្រ្តខាងលើ គឺរក​រឿង​ឲ្យ​រើ​ទំនិញ​ចុះ​ឡើង​តាម​អំពើ​ចិត្ត របស់​ពួកគេ​ជាមិនខាន ។

​ហេតុនេះហើយ​ទើប​រថយន្ត​ធំៗ​ ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​រាប់​តោន​ហូរហៀរ​ខុស​លក្ខណៈ​បច្ចេកទេស​នៅតែ​អាច​បើកបរ​លើ​ផ្លូវជាតិ​លេខ​៦​យ៉ាង​គគ្រឹកគគ្រេង​បណ្ដោយ​ឲ្យ​ខូច​ផ្លូវខូច​ស្ពាន​ជា​បន្តបន្ទាប់ ។​

​បញ្ហា​នេះ​គឺជា​រឿង​ដែល​ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ និង​ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការនិងប្រធាន​ជញ្ជីង​ទូទាំង​ប្រទេស​ មិន​គួរ​មើលរំលង​តទៅទៀត​នោះទេ​ ព្រោះ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​លើ​ផ្លូវជាតិ​លេខ​៦ ក្នុង​ឃុំរលួស ស្រុក​ប្រាសាទបាគង កំពុងតែក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ​តែ​ម្យ៉ាង​គត់៕ @Preab

Scroll to Top