ខេត្តកំពង់ធំ៖ ជារៀងរាល់ថ្ងៃ សកម្មភាពដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ជាពិសេសកសិផលដែលជាសក្តានុពលសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ បាននិងកំពុងធ្វើចរាចរណ៍យ៉ាងមមាញឹកតាមបណ្ដោយផ្លូវជាតិលេខ ៦។ ក្នុងនោះ រថយន្តដឹកជញ្ជូនធុនធ្ងន់ទាំងអស់ដែលឆ្លងកាត់ភូមិសាស្ត្រស្រុកសន្ទុក ត្រូវបានតម្រូវឱ្យចូលត្រួតពិនិត្យទម្ងន់នៅ ស្ថានីយជញ្ជីងថ្លឹងរថយន្តត្រើយម្យ៉ាម ដែលស្ថិតនៅក្នុងភូមិត្រើយម្យ៉ាម ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ការអនុវត្តតាមបទដ្ឋានបច្ចេកទេស និងច្បាប់ យោងតាមបទបញ្ជារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ការដាក់ឱ្យដំណើរការស្ថានីយជញ្ជីងថ្លឹងរថយន្តនេះ គឺក្នុងគោលបំណងត្រួតពិនិត្យ និងទប់ស្កាត់រថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ដែលជាមូលហេតុចម្បងធ្វើឱ្យផ្លូវឆាប់ខូចមុនអាយុកាល។
តើការដឹកជញ្ជូនបែបណាដែលចាត់ទុកថា “ត្រូវច្បាប់”? រថយន្តដែលផ្ទុកទំនិញមិនលើសទម្ងន់កំណត់តាមប្រភេទកង់ ឬសាក់ស៊ីរថយន្ត (ឧទាហរណ៍៖ រថយន្តភ្លៅ៥ ភ្លៅ៦ ជាដើម)។
ការវេចខ្ចប់ ឬគ្របដណ្តប់ទំនិញបានត្រឹមត្រូវ មិនឱ្យធ្លាក់រាយប៉ាយតាមផ្លូវ។
មានឯកសារដឹកជញ្ជូន និងប័ណ្ណបើកបរត្រឹមត្រូវ។
តើការដឹកជញ្ជូនបែបណាដែល “ខុសច្បាប់”? ការដឹកជញ្ជូនដែលផ្ទុកលើសទម្ងន់កំណត់ (លើសសោហ៊ុយផ្ទុក) ដែលតម្រូវឱ្យមានការផាកពិន័យ ឬទម្លាក់ទំនិញចេញតាមច្បាប់ស្តីពីផ្លូវថ្នល់។ ការកែច្នៃទ្រុងរថយន្តខុសបច្ចេកទេស ដើម្បីបង្កើនសមត្ថភាពផ្ទុកខុសពីការកំណត់របស់រោងចក្រ។
សំណូមពរ និងការចូលរួម មន្ត្រីជំនាញនៅស្ថានីយជញ្ជីងថ្លឹងរថយន្តត្រើយម្យ៉ាម តែងតែអំពាវនាវដល់ម្ចាស់អាជីវកម្ម និងអ្នកបើកបររថយន្តដឹកកសិផលទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ដោយមិនត្រូវដឹកលើសទម្ងន់កំណត់នោះឡើយ។ ការគោរពច្បាប់ចរាចរណ៍ និងបទដ្ឋានបច្ចេកទេសដឹកជញ្ជូន មិនត្រឹមតែជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មនោះទេ ប៉ុន្តែវាគឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាផ្លូវជាតិលេខ ៦ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ឱ្យប្រើប្រាស់បានយូរអង្វែង។
សកម្មភាពត្រួតពិនិត្យនៅស្ថានីយជញ្ជីងនេះ ក៏ជាផ្នែកមួយនៃយុទ្ធនាការ “រឹតបន្តឹងការអនុវត្តច្បាប់” ដើម្បីធានាឱ្យបាននូវសមធម៌ក្នុងការប្រកួតប្រជែងអាជីវកម្មដឹកជញ្ជូន និងសុវត្ថិភាពផ្លូវថ្នល់សម្រាប់អ្នកប្រើប្រាស់ទូទៅផងដែរ៕
