ចែករំលែក៖

ពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ប្រធានសាលាដំបូង និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម

(កំពង់ចាម): នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ប្រធានសាលាដំបូង និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្ថិតនៅសាលាដំបូងខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសំដែងនូវការកោតសរសើរចំពោះឯកឧត្តម សួស ឡា និង ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ដែល ត្រូវប្តូរទៅកាន់តំណែងថ្មី ដោយកន្លងមក លោកបានខិតខំបំពេញការងារយ៉ាងល្អនៅក្នុងមុខតំណែង ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានទទួលស្វាគមន៍ចំពោះ ឯកឧត្ដម កោ វណ្ឌី ដែលត្រូវបានប្រកាសចូលកាន់មុខតំណែងជាប្រធានសាលាដំបូង និង ឯកឧត្ដម កែវ សុជាតិ ជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដោយសង្ឃឹមថា ថ្នាក់ដឹកនាំ សាលាដំបូង ថ្មីលោកនឹងចូលរួមសហការយ៉ាងល្អជាមួយរដ្ឋបាលខេត្ត មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ អនុវត្តកិច្ចការរបស់ខ្លួនប្រកបដោយភាពជោគជ័យ គ្រប់បុព្វហេតុផ្តល់នូវសេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋ ក្នុងទឹកដីខេត្តកំពង់ចាម។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា គ្រឿងញៀនមានពណ៌ប្លែកៗ ច្រើនណាស់ បញ្ហានេះឯកឧត្តម បានជំរុញឱ្យសមត្ថកិច្ច អាជ្ញាធរស្រុក ក្រុងចុះធ្វើកិច្ចសន្យា នៅតាមកន្លែងលក់ចំណីអាហារទាំងនៅក្នុង និងក្រៅសាលារៀន បារីអេឡិត្រូនិចនៅកន្លែងធ្វើអាជីវកម្មសប្បាយដ្ឋាននានា គឺរយៈពេលមួយឆ្នាំត្រូវធ្វើម្តង ដើម្បីកុំឱ្យក្មេងៗជាយុវជនមានឱកាសមកសម្ងំគេចសាលា ធ្វើសកម្មភាពអ្វីដែលសង្គមហាមឃាត់។ ជាបញ្ហាសំខាន់ហាមការលក់ដូរបារីអេឡិចត្រូនិច ឬវែប ជាពិសេសកុំពាក់ព័ន្ធបញ្ហាគ្រឿងញៀន។

ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងបន្តថា បញ្ហាគ្រឿងញៀនដដែល ឯកឧត្តមសូមស្នើដល់ស្ថាបនអយ្យការ ក៏ដូចជាសាលាដំបូង មេត្តាជួយសិក្សាលើអ្នកទោស ឬទណ្ឌិតដែលញៀនថ្នាំ អនុវត្តទោសចប់ហើយ គួរចាំបាច់ត្រូវយកគាត់ទៅពិនិត្យមើល សារធាតុញៀនក្នុងខ្លួនឱ្យបានប្រាកដអស់សារធាតុនេះ មុនពេលឱ្យគាត់ធ្វើសមាហរណកម្មទៅរស់នៅក្នុងសហគមន៍វិញ។ ផ្ទុយមកវិញប្រសិនបើយើងមិនបានពិនិត្យគាត់(អ្នកទោស ឬទណ្ឌិត) គឺគាត់នឹងអាចមានផ្ទុកសារធាតុញៀនដដែលនោះ គឺនឹងវិលទៅប្រើប្រាស់ឡើងវិញ ហើយនឹងឈានប្រព្រឹត្តបទល្មើសសារធាថ្មី ដើម្បីយកលុយមកបម្រើឱ្យការប្រើប្រាស់បន្តទៀត។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសរំលេចអំពីក្របខណ្ឌគោលនយោបាយ ក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា រួមមានការកែទម្រង់ប្រព័ន្ធតុលាការ និងការកែទម្រង់ប្រព័ន្ធដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំ និងផ្តាំផ្ញើដល់ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី អាជ្ញាសាលា និងមន្រ្តីតុលាការទាំងអស់នៅតាមសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីនៅទូទាំងប្រទេស ដូចតទៅ៖
១- ត្រូវពង្រឹងអភិបាលកិច្ចផ្ទៃក្នុង និងការដឹកនាំអង្គភាព និងស្ថាប័នរបស់ខ្លួនឱ្យបានល្អប្រសើរ, មានសាមគ្គីភាពផ្ទៃក្នុងល្អ និងកិច្ចសហប្រតិបត្តិការល្អជាមួយមន្ត្រីអនុវត្តច្បាប់ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដោយត្រូវបន្តប្រកាន់ខ្ជាប់នូវអភិក្រមដ៏ថ្លៃថ្លាបំផុតទាំង ៥ ចំណុច របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់”។
២- ត្រូវពង្រឹងឱ្យបាននូវគុណភាពនៃការចាត់ការសំណុំរឿងដែលខ្លួនកំពុងទទួលបន្ទុក ឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធី ជាពិសេស ត្រូវខិតខំពង្រឹងគុណភាពនៃការសរសេរសាលក្រម/សាលដីកាឱ្យបានឆាប់រហ័ស, ត្រឹមត្រូវតាមក្បួនខ្នាត, ងាយយល់ និងមានសំអាងហេតុ និងសំអាងច្បាប់ច្បាស់លាស់ និងគ្រប់គ្រាន់។
៣-ប្រធានសាលាដំបូង និងចៅក្រម ដែលត្រូវផ្លាស់ទៅបំពេញការងារនៅសាលាដំបូងផ្សេង ត្រូវយកចិត្តទុកដាក់រៀបចំសាលក្រម/សាលដីកាដែលនៅសេសសល់ឱ្យបានរួចរាល់មុនចាកចេញ ចំពោះសំណុំរឿងដែលខ្លួនបានប្រកាសរួច។
៤- ត្រូវបន្តចូលរួមឱ្យបានកាន់តែសកម្ម និងស្វាហាប់ ក៏ដូចជាផ្តល់កិច្ចសហការឱ្យបានពេញលេញបន្ថែមទៀត ក្នុងការអនុវត្តយុទ្ធនាការទាំង ២ គឺ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
៥- ត្រូវគោរពវិន័យការងារ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការអនុវត្តការងាររបស់ខ្លួន ព្រមទាំងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការចាត់ការសំណុំរឿងឱ្យបានម៉ឺងម៉ាត់ ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។
៦- ត្រូវចូលរួមលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពនៃអង្គចៅក្រម ទាំងក្នុងពេលបំពេញការងារ ទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលជាកត្តារួមចំណែកដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងជំនឿទុកចិត្តពីសាធារណជនចំពោះវិស័យយុត្តិធម៌។

Scroll to Top