កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានស្នើដល់ស្ថាប័នតុលាការ មេត្តាជួយសិក្សាលើអ្នកទោស ឬទណ្ឌិតដែលញៀនថ្នាំ អនុវត្តទោសចប់ហើយ គួរចាំបាច់ត្រូវយកគាត់ទៅពិនិត្យមើល សារធាតុញៀនក្នុងខ្លួនឱ្យបានប្រាកដអស់សារធាតុនេះ មុនពេលឱ្យគាត់ធ្វើសមាហរណកម្មទៅរស់នៅក្នុងសហគមន៍វិញ។
ផ្ទុយមកវិញប្រសិនបើយើងមិនបានពិនិត្យគាត់(អ្នកទោស ឬទណ្ឌិត) គឺគាត់នឹងអាចមានផ្ទុកសារធាតុញៀនដដែលនោះ គឺនឹងវិលទៅប្រើប្រាស់ឡើងវិញ ហើយនឹងឈានប្រព្រឹត្តបទល្មើសសារជាថ្មី ដើម្បីយកលុយមកបម្រើឱ្យការប្រើប្រាស់បន្តទៀត។
ការលើកលើកឡើងបែបនេះ នៅក្នុងឱកាសពិធី ប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម នាព្រឹកថ្ងៃ ទី៤ ខែធ្នូ ឆ្នាំ២០២៥។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា គ្រឿងញៀនមានពណ៌ប្លែកៗ ច្រើនណាស់ បញ្ហានេះឯកឧត្តម បានជំរុញឱ្យសមត្ថកិច្ច អាជ្ញាធរស្រុក ក្រុងចុះធ្វើកិច្ចសន្យា នៅតាមកន្លែងលក់ចំណីអាហារទាំងនៅក្នុង និងក្រៅសាលារៀន បារីអេឡិត្រូនិចនៅកន្លែងធ្វើអាជីវកម្មសប្បាយដ្ឋាននានា គឺរយៈពេលមួយឆ្នាំត្រូវធ្វើម្តង ដើម្បីកុំឱ្យក្មេងៗជាយុវជនមានឱកាសមកសម្ងំគេចសាលា ធ្វើសកម្មភាពអ្វីដែលសង្គមហាមឃាត់។ ជាបញ្ហាសំខាន់ហាមការលក់ដូរបារីអេឡិចត្រូនិច ឬវែប ជាពិសេសកុំពាក់ព័ន្ធបញ្ហាគ្រឿងញៀន៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម
