សៀមរាប៖ កាលពីវេលាម៉ោង១៥:០០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលបណ្ដឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍សង្ស័យថាមានអ្នកលួចអាឈើដោយខុសច្បាប់ នៅចំណុចភូមិទទឹងថ្ងៃ ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែង សហការជាមួយកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ចុះមកដល់ទីតាំងបានឃើញជនសង្ស័យ០២នាក់ (ជាអ្នកអារឈើ) ដែលកំពុងប្រព្រឹត្តបទល្មើសអាឈើពិតប្រាកដមែន។ បន្ទាប់មកលុះដល់ម៉ោង១៨:០០នាទី ថ្ងៃខែឆ្នាំដ៏ដែល បន្តឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀត (ជាអ្នកទិញឈើ) ជនសង្ស័យទាំង០៣នាក់ មានទីលំនៅ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។ វត្ថុតាងដកហូតរួមមាន៖ ម៉ាសុីនអាឈើ ០២គ្រឿង,ម៉ាសុីនរ៉ៃចល័ត ០១គ្រឿង ,គោយន្តកន្រ្តៃ ០១គ្រឿង, ប្រភេទឈើយ៊ាង និងប្រភេទឈើឃ្លុំ សរុបចំនួន ៥,៨០៥ ម៉ែត្រគូប។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងកងរាជអាវុធហត្ថ បានប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបដើម្បីអនុវត្តនិតិវិធីបន្ត៕


