ចែករំលែក៖

យុវជនម្នាក់នៅក្រុងសៀមរាប ពាក់ឯកសណ្ឋានយោធា សម្ដែង និងរាំបង្ហោះក្នុងបណ្តាញសង្គមតិកតុក (TikTok) ធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ កងទ័ព ត្រូវអាវុធហត្ថខេត្តសៀមរាប ធ្វើការអប់រំ ណែនាំ!

សៀមរាប៖ កាលពីពេលថ្មីៗនេះ មានយុវជនម្នាក់ បានថតវីដេអូពាក់អាវប៉ារ៉ា​ (យោធា) សម្ដែង និងរាំ បង្ហោះក្នុងបណ្តាញសង្គមតិកតុក (TikTok) ចំនួនពីរឃ្លីប ដោយបានសរសេរខ្លឹមសារ “Make up ចូលជួរបិះមិនទាន់ជីវិតជូនជាតិធាតុជូនម្តាយ រាងកាយជូនបងៗទាហាន” លើគណនីតិកតុក (TikTok) របស់ខ្លួន ក្នុងគោលបំណងទាក់ទាញចំណាប់អារម្មណ៍ឱ្យមានគេចូលមកមើលគណនីតិកតុកហាង របស់ខ្លួន។

បន្ទាប់ពីបានឃើញវីដេអូទាំងនោះរួចមក នារសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការស្រាវជ្រាវរហូតស្វែងរកឃើញ និងអញ្ជើញ យុវជនម្នាក់នោះ ដែលមានទីលំនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មានមុខរបរជាបុគ្គលិកផ្នែកលក់ និងថតប្រម៉ូតហាង យកមកអប់រំ និង ណែនាំ ឱ្យលប់ និងបញ្ឈប់រាល់ការបង្ហោះវីដេអូ ដែលធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បន្តទៀត ទើបឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ។

យុវជនរូបនេះ បានទទួលស្គាល់កំហុស ដែលបានប្រព្រឹត្តនាពេលកន្លងមក ដោយខ្វះការពិចារណា ក្នុងការបង្ហោះ វីដេអូខាងលើ និងបានសន្យាថាលប់វីដេអូទាំងនោះចោលវិញ ព្រមទាំងបានធ្វើការសុំទោសជាសាធារណៈចំពោះបងៗកងទ័ពទាំងអស់ផងដែរ៕

Scroll to Top