ភ្នំពេញ÷ ក្នុងយុទ្ធនាការក្តៅរយៈពេលប៉ុន្មានថ្ងៃមកនេះ ក្រោយពីរាជរដ្ឋាភិបាល បានចេញបទបញ្ជាលេខ ០១.ប ប ស្ដីពីយុទ្ធនាការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ” Online Scams” ដែលបានកំពុងបង្កការគំរាមកំហែង និងអសន្តិសុខក្នុងពិភពលោក និងតំបន់នោះ..! នៅព្រះរាជាណាចក្រកម្ពុជា ក្រុមឧក្រិដ្ឋជនបរទេស ក៏បានជ្រាបចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះផងដែរ។ ក្នុងគោលបំណង ដើម្បីបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សាការពារសន្តិសុខសណ្ដាប់សាធារណៈ និងសុវត្ថិភាពសង្គម រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ នូវបទបញ្ជាទប់ស្កាត់ បង្ក្រាបដោយទទួលបានលទ្ធិផលជោគជ័យយ៉ាងមានប្រសិទ្ធភាព ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន ។
ចំណុចនេះបានធ្វើឲ្យមជ្ឈដ្ឋាន មហាជន មន្ត្រីរាជការ កងកម្លាំងគ្រប់ស្រទាប់ មានការសាទរ នូវវិធានការដែលដាក់ចេញក្នុងការអនុវត្តទួទួលបានលទ្ធផលយ៉ាងល្អប្រសើរ និងមានប្រសិទ្ធភាពដ៏ត្រចេះត្រចង់ ។ ប៉ុន្តែមហាជន នៅតែកើតជាចម្ងល់លើកជាមតិ ដាក់ជាសំណួរ.សួរថា តើការដែលក្រុមឧក្រិដ្ធជនឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានបញ្ជ្រាបហូរចូលមកដល់មូលដ្ឋាន ក្នុងផ្ទៃប្រទេសកម្ពុជា រួចបង្កើតទៅជាកន្លែងប្រព្រឹត្តនៅតាមមូលដ្ឋាន សង្កាត់ខណ្ឌ រាជធានី ខេត្ត នោះ តើអាជ្ញាធរជាសមត្ថកិច្ច ពិតជាមិនបានដឹងមែនឬយ៉ាងណា..?! ព្រោះនៅក្នុងការបង្ក្រាបទីតាំងមួយកន្លែងៗ ចាប់បានមនុស្សជាច្រើនជាតិសាសន៍ មិនតិចជាងរយនាក់នោះទេ នេះបើតាមសង្កេតលើវិធានការបង្ក្រាបមួយរយៈពេលខ្លីរបស់សមត្ថកិច្ច..?!
សកម្មភាពនោះទៀតសោធ..តើជានគរបាលមូលដ្ឋាន អធិការនគរបាល.ស្រុក.ខណ្ឌ ស្នងការនគរបាលរាជធានី.ស្នងការនញរបាលខេត្ត និងប្រធានគណៈបញ្ជាការឯកភាពរាជធានី.ខេត្ត នឹងបណ្តាមេបញ្ជាការអាវុធហត្ថស្រុក.ខណ្ឌ និងរាជធានីខេត្ត នារយៈពេលកន្លងមក លើប្រតិបត្តិការបង្ក្រាបបទល្មើសចំពោះក្រុមឧក្រិដ្ឋជន ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” Online Scams”នោះ សមត្ថកិច្ចពិតជាមិនបានជ្រាប នៅព័ត៌មានទាំងឡាយនោះមែនដែរឬយ៉ាងណា..?! ព្រោះកន្លងទៅនៅតាមបណ្ដាប៉ុស្តិ៍ អធិការស្រុក.ខណ្ឌ ខេត្តនិងរាជធានី កុំថាឡើយល្បែងជាលក្ខណៈទ្រង់ទ្រាយធំ និងការប្រព្រឹត្តតាមបែបឧក្រិដ្ធជនបច្ចេកវិទ្យា “Online Scams “បែបនេះ..សូម្បីតែការដាក់”ឡេបផប” ល្បែងភ្នាល់មាន់ជល់តាមអនឡាញ ប្រភេទឆ្នោតឡូតូ ៥លេខតូចធំ ៣នាទីចេញម្ដង នៅតាមបណ្ដាហាងកាហ្វេ នៅតាមបណ្ដាតារាងបាល់ទះ និងទីផ្តល់សុវត្ថិភាព ក្នុងការបម្រើឲ្យល្បែងភ្នាល់ស៊ីសងបែបណានោះ គឺគ្មានកន្លែងទីតាំងណាមួយដែលថា មិនបានបង់ផលលាភ ជូនសមត្ថកិច្ចមូលដ្ឋានជានគរបាលប៉ុស្តិ៍ អធិការនគរបាលខណ្ឌ និងផ្នែកមួយចំនួនទៀតចំណុះ នៃស្នងការនគរបាលនោះឡើយ ជាពិសេសអាវុហត្ថជាមន្ត្រីនគរបាលយុត្តិធម៌ ដែលមិនអាចរំលង ដែលតែងតែទទួលបានផលលាភជាផ្នូរ នៃការមិនបង្ក្រាប..?!។
ចំណុចនេះបានធ្វើឲ្យមហាជនរងចាំមើលថា ក្រោយពីបញ្ចប់ក្នុងប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” Online Scams” តើមន្ត្រីជាសមត្ថកិច្ចដែលមានតួនាទីខ្ពស់ជាអធិការ ជាស្នងការ ជាមេបញ្ជាការអាវុធហត្ថស្រុកខណ្ឌ មេបញ្ជាការអាវុធហត្ថខេត្ត រាជធានី ជាពិសេសប្រធានគណៈបញ្ជាការឯកភាពរាជធានី.ខេត្តមួយចំនួនដែលរងការបង្ក្រាបទទួលបានលទ្ធផលល្អនាពេលថ្មីៗនេះ..? បូករួមនិងសម្ភារៈ នៃបទល្មើសទៀតនោះ តើអ្នកទទួលខុសត្រូវខ្ពស់នៅតាមបណ្ដាក្រុង រាជធានី ស្រុកនិងខេត្តនោះ តើអាចទទួលរងនៅទោសទណ្ឌ វិន័យរបស់ថ្នាក់ជាតិដែរឬទេ..?! នេះប្រសិនជាមានការស្រាវជ្រាវ ស៊ើបអង្កេតឲ្យបានដោយជាក់លាក់ សុក្រិត្យច្បាស់លាស់ និងមានតម្លាភាពនោះ..?!
ព្រោះបញ្ហានេះត្រូវមជ្ឈដ្ឋានមហាជនប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងមួយចំនួនបានមានទស្សនៈលើកឡើងតាមតុកាហ្វេថា ” បើខ្មោចស្រុកមិនឱ្យដៃគឺខ្មោចព្រៃមិនហ៊ាននោះឡើយ “..?!
ក្នុងបទបញ្ជាលើវិធានការក្តៅរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យមហាជនផ្ទុះការគាំទ្រយ៉ាងពេញទំហឹងលើវិធានការក្តៅបង្ក្រាបរាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ” Online Scams ” ដែលកំពុងបង្កការគំរាមកំហែង និងអសន្តិសុខក្នុងពិភពលោកនិងតំបន់..។/






