ចែករំលែក៖

សេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណីមានជនអនាមិកលួចបង្កើតគណនីតេឡេក្រាមក្លែងក្លាយដាក់ឈ្មោះ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ រួចឆាតឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការវេប្រាក់ឲ្យខ្លួន…!

បន្ទាយមានជ័យ៖ យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលបណ្តាញអង្គភាពសារព័ត៌មាន Preab Messenger TV ទទួលបាននៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះថា ថ្មីៗនេះមានជនអនាមិកបានបង្កើតគណនីតេឡេក្រាម (Teleggram)ឈ្មោះ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់ភ្ជាប់រូបភាពលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ប្រើ USERNAME@POLICE-ACCP បានឆាតទំនាក់ទំនងទៅបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការដើម្បីទាប្រាក់ និងវេរប្រាក់ឲ្យខ្លួន (គណនីក្លែងក្លាយ)កន្លងមក។

ឆ្លើយតបតាមករណីនេះ អ្នកនាំពាក្យនៃស្នងការដ្ឋានគរបាលខេត្តបន្ទាយមានជ័យសូមធ្វើការបំភ្លឺ និងជម្រាបជូនដល់សាធារណៈជនជ្រាបថា៖ គណនីតេឡេក្រាមដែលមានឈ្មោះ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ខាងលើមិនមែនជាគណនីផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នោះទេ។ ហេតុដូច្នេះសូមសាធារណៈជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមកុំមានភាន់ច្រឡំ ដែលនាំឲ្យមានការខាតបង់ដោយប្រការណាមួយ។

ករណីនេះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកំពុងធ្វើការស្រាវជ្រាវលើ ម្ចាស់គណនីតេឡេក្រាមក្លែងក្លាយខាងលើ ដើម្បីចាត់ការតាមនិតិវិធី។

អាស្រ័យហេតុនេះ សូមសាធារណៈជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទទួលជ្រាបជាព័ត៌មាន។

Scroll to Top