ចែករំលែក៖

មន្ត្រីជំនាញក្រសួងកសិកម្មចាប់បាន សាច់គោ និងភ្លៅមាន់ជាង ៨តោន នាំចូលពីវៀតណាមខុសច្បាប់ ពេលចូលដល់កណ្តាលភ្នំពេញ ទើបចាប់បាន

ភ្នំពេញ៖ មន្ត្រីព្រំដែននៅកោះធំតើបាត់ទៅណាបានជាអនុញ្ញាតឱ្យសាច់គោ និងភ្លៅមាន់ជាង ៨តោន នាំចូលពីវៀតណាម ដោយខុសច្បាប់, ចូលដល់កណ្តាលភ្នំពេញ ទើបមន្ត្រីជំនាញក្រសួងកសិកម្មចាប់បាន។

បើតាមអនុប្រធាន អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម សត្វ លោក ហ៊ុន សារ៉ាត់ បានឱ្យដឹងថា ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋាន សុខភាពសត្វ និង ផលិត កម្មសត្វ បង្ក្រាបសាច់គោ និងភ្លៅមាន់ចំនួន ៨,០១៥ គីឡូ ក្រាម នាំចូល ដោយគ្មានលិខិតអនុញ្ញាត ពីប្រទេសវៀតណាម។

សាច់សត្វបង្កកទាំងអស់នេះ ត្រូវបានឈ្មួញដឹកជញ្ជូនតាមរថយន្ត ចេញ ពីវៀតណាម តាម ច្រក របៀងក្នុងស្រុកកោះធំ ខេត្តកណ្ដាល ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ ប៉ុន្តែត្រូវបានមន្ត្រីកម្ពុជា ឃាត់បាននៅចំណុចផ្លូវ៣០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ នាថ្ងៃទី៦ ខែកក្កដា ។

លោក ហ៊ុន សារ៉ាត់ បានបញ្ជាក់ថា តាមការឆ្លើយសារភាពរបស់អ្នកបើកបររថយន្តដឹកសាច់បង្កកនេះ មិនមានលិខិតអនុញ្ញាតអ្វីទាំងអស់ ក្នុងនោះមាន ភ្លៅមាន់ និងសាច់គោ ជាសាច់បង្កក ត្រូវបានក្រុមឈ្មួញលួចដឹកចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកកោះធំ ខេត្តកណ្ដាល ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ។

បច្ចុប្បន្នក្រុមការងារជំនាញ បានយកវត្ថុតាង និងបទល្មើស ខាងលើមករក្សា ទុកនៅ ទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍ តាមនីតិវិធីច្បាប់៕

Scroll to Top