ចែករំលែក៖

ល្បែងអនឡាញប្រភេទមាន់ជល់ មួយកន្លែងដែលមានម្ចាស់ផ្ទះឈ្មោះ ឡេង ស្រីមុំ ស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់វិហារលួង ក្រុងសួង រងការរិះគន់ពីប្រជាពលរដ្ឋ តែលោកមេប៉ុស្តិ៍ លោកអធិការមិនខ្វល់..!!

ត្បូងឃ្មុំ៖ ប្រភពពីពលរដ្ឋរស់នៅក្នុងភូមិកណ្តាល សង្កាត់វិហារលួង ក្រុងសួង បានរាយការណ៍មកអង្គភាពសារព័ត៌មាន ព្រាប មេស៊ីនជើ ធីវី ធ្វើការចេញផ្សាយ ដើម្បីបានជ្រាបដល់អាជ្ញាធរមានសមត្ថកិច្ចថ្នាក់ខេត្ត ក្រែងមានប្រសិទ្ធភាពជាង ព្រោះថ្នាក់មូលដ្ឋានសំងំមិនអើរពើនោះឡើយ ដោយល្បែងមាន់ជល់អនឡាញ កំពុងតែបើកលេងពេញបន្ទុក។

ប្រភពពីប្រជាពលរដ្ឋរស់នៅតំបន់នោះ បានបញ្ជាក់ប្រាប់មកបន្ថែមទៀតថា ល្បែងភ្នាល់មាន់ជល់ តាមអនឡាញ មិនស្របច្បាប់ទាំងនោះ បានកើតមានដុះស្លែយូរយារណាស់មកហើយ ។ ប៉ុន្តែក្នុងរឿងនេះពលរដ្ឋបានដាក់ការសង្ស័យថា ល្បែងកើតមានរាប់ឆ្នាំ លោកមេប៉ុស្តិ៍ ជាពិសេស លោកវរសេនីយ៍ឯក ឈន សុធន មិនបង្ក្រាបនោះ ប្រហែលជាកំពុងតែសំងំចាំទទួលផលលាភហើយមើលទៅ។

ពាក់ព័ន្ធរាល់ការលើកឡើងពីប្រភពរបស់ប្រជាពលរដ្ឋនោះដែរ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ អ្នកយកព័ត៌មានយើង មិនមានលេខទូរស័ព្ទ ដើម្បីសុំការបំភ្លឺ ពីលោកមេប៉ុស្តិ៍វិហារលួង បានទេ។ ប្រជាពលរដ្ឋកំពុងតែមានការព្រួយបារម្ភ អំពីបញ្ហាចោរលួច ចោរឆក់ ចោរប្លន់ រួមនឹងអំពើហិង្សានៅក្នុងគ្រួសារជាដើម ដែលនេះជាបញ្ហាបារម្ភ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន រស់នៅរបស់គាត់។

ដូចនេះក្រោយពីមានការចុះផ្សាយជូនដំណឹង សង្ឃឹមថាលោកមេប៉ុស្តិ៍វិហារលួង លោកអធិការនគរបាលក្រុងសួង និងលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងមានវិធានការក្តៅ ទៅលើក្រុមបង្កើតល្បែងភ្នាល់ស៊ីសង ដោយមិនស្របច្បាប់នៅតាមមូលដ្ឋាននេះផងទាន! សូមអរគុណ

Scroll to Top