ចែករំលែក៖

ល្បែងអនឡាញប្រភេទមាន់ជល់ និងឡូតូអនឡាញ នៅស្រុកកំពង់រោទិ៍ រងការរិះគន់ពីប្រជាពលរដ្ឋ តែលោកមេប៉ុស្តិ៍ លោកអធិការមិនខ្វល់..!!

ស្វាយរៀង៖ ប្រភពពីពលរដ្ឋរស់នៅខាងត្បួងវត្តព្រៃធ្លក បានរាយការណ៍មកអង្គភាពសារព័ត៌មាន ព្រាប មេស៊ីនជើ ធីវី ធ្វើការចេញផ្សាយ ដើម្បីបានជ្រាបដល់អាជ្ញាធរមានសមត្ថកិច្ចថ្នាក់ខេត្ត ក្រែងមានប្រសិទ្ធភាពជាង ព្រោះថ្នាក់មូលដ្ឋានសំងំមិនអើរពើនោះឡើយ ដោយល្បែងមាន់ជល់អនឡាញ និងឆ្នោតឡូតូអនឡាញ កំពុងតែលេងពេញបន្ទុក។

បច្ចុប្បន្នបញ្ហាល្បែងភ្នាល់ស៊ីសង បានកើតមានយ៉ាងពេញបន្ទុក នៅក្នុងមូលដ្ឋាន ភូមិព្រៃធ្លក ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ បានកើតមានល្បែងភ្នាល់តាមអញឡាញដូចជា មាន់ជល់ ល្បែងឡូតូតូចធំ តាមប្រព័ន្ឋ onlineយ៉ាងពេញបន្ទុក ។
ប្រភពពីប្រជាពលរដ្ឋរស់នៅតំបន់នោះ បានបញ្ជាក់ប្រាប់មកបន្ថែមទៀតថា ល្បែងភ្នាល់មាន់ជល់ ឡូតូតាមអនឡាញ មិនស្របច្បាប់ទាំងនោះ បានកើតមានដុះស្លែយូរយារណាស់មកហើយ ។ ប៉ុន្តែក្នុងរឿងនេះពលរដ្ឋបានដាក់ការសង្ស័យថា ល្បែងកើតមានរាប់ឆ្នាំ លោក ម៉ែន សុខា មេប៉ុស្តិ៍ស្វាយតាយាន មិនបង្ក្រាបនោះ ប្រហែលជាកំពុងតែសំងំចាំទទួលផលលាភហើយមើលទៅ។

ប្រជាពលរដ្ឋរស់ក្នុងមូលដ្ឋានខាងត្បូងវត្តព្រៃធ្លក បានខ្សឹបប្រាប់ទៀតថា ក្នុងរឿងហ្នឹង អាចជារឿងលោក ម៉ែន សុខា មេប៉ុស្តិ៍ លាក់បាំងថ្នាក់លើរបស់ខ្លួន លោកអធិការស្រុក និងលោកស្នងការខេត្តស្វាយរៀង ក៏អាចថាបាន ។

ពាក់ព័ន្ធរាល់ការលើកឡើងពីប្រភពរបស់ប្រជាពលរដ្ឋនោះដែរ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ អ្នកយកព័ត៌មានយើង មិនមានលេខទូរស័ព្ទ ដើម្បីសុំការបំភ្លឺ ពីលោកមេប៉ុស្តិ៍ស្វាយតាយានបានទេ។
 ប្រជាពលរដ្ឋកំពុងតែមានការព្រួយបារម្ភ អំពីបញ្ហាចោរលួច ចោរឆក់ ចោរប្លន់ រួមនឹងអំពើហិង្សានៅក្នុងគ្រួសារជាដើម ដែលនេះជាបញ្ហាបារម្ភ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន រស់នៅរបស់គាត់។

ដូចនេះក្រោយពីមានការចុះផ្សាយជូនដំណឹង សង្ឃឹមថាលោកមេប៉ុស្តិ៍ស្វាយតាយាន លោកអធិការនគរបាលស្រុកកំពង់រោទិ៍ និងលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តស្វាយរៀង និងមានវិធានការក្តៅ ទៅលើក្រុមបង្កើតល្បែងភ្នាល់ស៊ីសង ដោយមិនស្របច្បាប់នៅតាមមូលដ្ឋាននេះផងទាន! សូមអរគុណ

Scroll to Top