ចែករំលែក៖

សហភាពសហព័ន្ធយុវជនកម្ពុជា ​ធ្វើសន្និសីទសារព័ត៌មានស្តីពី ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» នៅទឹកដីខេត្តសៀមរាប

(សៀមរាប)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ បាន​ធ្វើសន្និសីទសារព័ត៌មានស្តីពី ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ក្រោមវត្តមានរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប, លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។

ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានលើកឡើងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តចាប់ផ្តើមរៀបចំតាំងពីឆ្នាំ២០១៣ មកដល់ពេលបច្ចុប្បន្ន គឺមានរយៈពេល១២ឆ្នាំហើយ។ ក្នុងនោះ ប្រធានបទនៃអង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ គឹ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ដែលជាប្រធាបទដើម្បីរៀបចំព្រឹត្តិការណ៍របស់យើង។ លោកបន្តថា ១២ឆ្នាំហើយ ដែលព្រឹត្តិការណ៍អង្គរសង្ក្រាន្តរៀបចំឡើង គឺយើងបានខំប្រឹងប្រែងរៀបចំធ្វើយ៉ាងណា ឲ្យភាពទាក់ទាញនៅតែមាន ដើម្បីឲ្យមានការចូលរួមយ៉ាងច្រើនកុះករពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោក ហ៊ុន ម៉ានី បានបន្តថា ខេត្តសៀមរាបនឹងទទួលបាននូវភាពរីករាយក្នុងឆ្នាំ២០២៥នេះលើសឆ្នាំមុនៗទៀត ដោយសារឆ្នាំ២០២៥នេះ មានការយាងធ្វើដំណើររបស់ព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបួងសួងសុំនូវសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា។ លោកបន្ថែមថា នេះព្រឹត្តិការណ៍មួយដ៏អស្ចារ្យ ក្នុងនាមលោកជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ពិតជាមានសេចក្តីសប្បាយរីករាយ ដែលមានឱកាសដង្ហែរជាមួយព្រះមហាក្សត្រ ដែលព្រះរាជពិធីបួងសួងនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ខាងមុខ។

លោក សុខ សប្បាយណា បានលើកឡើងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ រួមមាន៖ ពុំមានការរៀបចំកម្មវិធីនៅបរិវេណទីលានជល់ដំរី ដោយហេតុអាកាសធាតុ និងចរាចរណ៍ ក្រៅពីកម្មវិធីទទួលទេវតាឆ្នាំថ្មី, ពិធីបួងសួងសុំសេចក្តីសុខ ត្រូវបានរៀបចំដោយក្រសួងព្រះបរមរាជវាំង និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ, ពុំមានការរៀបចំការប្រគំតន្រ្តីអង្គរសង្ក្រាន្ត ដោយផ្តល់ទីតាំងឆាកតន្រ្តីនៅសួនច្បារព្រះរាជដំណាក់ជូនទៅដៃគូឧបត្ថម្ភគាំទ្រ និងយកធនធានមករៀបចំការសម្តែងទស្សនីយភាព «ចង្វាក់បេះដូងអង្គរ»។

លោកបន្តថា ការសម្តែងទស្សនីយភាព ចង្វាក់បេះដូងអង្គរ មានរយៈពេល ៣ថ្ងៃ ដែលនឹងបង្ហាញពីភាពប្រសព្វគ្នានៃការរម្លឹក ធ្វើឱ្យរស់រវើក និងផ្សារភ្ជាប់ជីវិត នៃមរតកបេតិកភណ្ឌអរូបី នៅលើទីតាំងនៃមរតកបេតិកភណ្ឌ និងផ្តល់ឱកាសដ៏ពិសេសជូនប្រជាពលរដ្ឋ «មួយដងក្នុងមួយជីវិត» ក្នុងការទស្សនាការសម្តែងក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលនឹងបង្កើតជាការចងចាំ ក្តីស្រឡាញ់ និងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។

លោកបានបន្តថា ពិធីបើកព្រឹត្តិការណ៍ រៀបចំនៅក្នុងទីតាំងបរិវេណភូមិខ្ញុំ ហើយភូមិខ្ញុំបានពង្រឹងសកម្មភាពតាមផ្ទះ ឱ្យមានភាពរស់រវើក បង្កើនការចូលរួមពីសាធារណជន, ដតភ្លើងគប់ និងនិទានរឿងជាដើម ព្រមទាំងតាំងបង្ហាញក្អមយក្ស កម្ពស់ ៤ម៉ែត្រ, ការប្រកួតអុក មានបន្ថែមការប្រកួតនៅសាកលវិទ្យាល័យ និងកុមារអាយុ ៨ ដល់១២ឆ្នាំ, ភូមិអាហារនៃក្តីស្រឡាញ់ ទៅជាភូមិត្នោត ដែលមានការតាំងបង្ហាញនូវមួកត្នោតយក្សទំហំ ៨ម៉ែត្រ និងមានផ្ទះខ្មែរបុរាណដែលធ្វើពីត្នោត។

លោក សុខ សប្បាយណា បន្ថែមថា វិចិត្រករឯក ទៅជាភូមិរចនា ដែលមានការតាំងបង្ហាញនូវក្រមា ១០០០ម៉ែត្រ ដែលបានបំបែកឯកតទគ្គកម្មពិភពលោកក្រមាវែងជាងគេ ដែលសសៃទី១ ត្រូវបានត្បាញដោយសម្ដេចយាយ ព្រះវររាជមាតាជាតិខ្មែរ និងសសៃចុងក្រោយត្រូវបានត្បាញដោយសម្ដេចតេជោ ក្នុងគាំទ្រដល់ក្រមាខ្មែរ ដែលបានដាក់បញ្ចូលទៅក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (UNESCO)។

លោកបន្តទៀតថា កម្មវិធីក្បួនដង្ហែអង្គរសង្រ្កាន្ត រយៈពេល ៣ថ្ងៃ ដែលនឹងដង្ហែចេញពីទីតាំងភូមិខ្ញុំ ទៅក្នុងប្រាសាទអង្គរវត្ត តាមរយៈស្ពានហាលអង្គរ, គុនល្បុក្កតោ ទៅជាយុទ្ធគុនចម្រុះបុរាណខ្មែរ ដែលមាន ៨គុន រួមមាន៖ (១.គុនល្បុក្កតោ, ២.គុនចំបាប់បុរាណ, ៣.យុទ្ធក្រមខម, ៤.ប្រដាល់គុនខ្មែរ, ៥.ក្បាច់គុនខ្លាក្រាប, ៦.ក្បាច់គុនក្រពើហា, ៧.ក្បាច់គុនស្រងែពេន និង៨.ក្បាច់គុនកងយោធពលខេមរភូមិន្ទ)។

ក្នុងនោះដែរ ក៏របាំបុរាណ ប្រពៃណី និងប្រជាប្រិយ មានការបន្ថែមនូវការបង្ហាញពីមូលដ្ឋានគ្រឹះនៃក្បាច់បាត និងការសម្តែងសៀកតាមដងផ្លូវ, សួនកុមារ មានការបន្ថែមការប្រកួតអំណានសម្រាប់ប្អូនៗកុមារ និងការប្រគំស្គរដៃ ដើម្បីជំរុញការទាក់ដល់ភ្ញៀវជាតិ និងអន្តរជាតិចូលរួមលេងកម្សាន្ត និងជាវអាហារក្នុងបរិវេណអង្គរប៉ាវីស ព្រមទាំង សួនញញឹមអង្គរ ក៏មានការបន្ថែមការតាំងបង្ហាញខ្លែងខ្មែរផងដែរ។

លោកបញ្ជាក់ថា តស់ៗ លេងទឹក ក៏បានពង្រីកវិសាលភាពនៃការរៀបចំចំនួន ២ទីតាំង មុខប្រាសាទអង្គរវត្ត និងសួនច្បារព្រះរាជដំណាក់, ល្បែងប្រជាប្រិយ និងទាញព្រ័ត្រមិត្តភាពអង្គរសង្ក្រាន្ត មានការបន្ថែមឡើងសសរខ្លាញ់ ដែលជាសំណើពីសិស្សានុសិស្សពីសាកលវិទ្យាល័យ និងការទាញព្រ័ត្រប្រើប្រាស់ខ្សែព្រ័ត្រប្រវែង ២៥០ម៉ែត្រ មុខកាត់ ៦០ មីលីម៉ែត្រ និងអនុញ្ញាតឱ្យអ្នកចូលរួមបានចំនួន ៧៥០នាក់។

សួនមុនីហទ័យ ដែលបានយកម្ហូបមកពីទូទាំងប្រទេស, ផ្សារស្ទឹងសៀមរាប ដោយមានការដង្ហែក្បួនទូក, ពិធីស្រង់ព្រះផ្លាស់ប្តូរពីបរិវេណទីលានជល់ដំរី ទៅក្នុងបរិវេណព្រះរាជដំណាក់, ប្រណាំងរទេះគោ ក្របី មានការបន្ថែមនូវការប្រកួតសេះ និងវាយត្រដំ ព្រមទាំងការតាំងពិព័រណ៌ពាណិជ្ជកម្មមានតែមួយទីតាំងផងដែរ៕

Scroll to Top