សៀមរាប៖ ជនសង្ស័យ០២នាក់ ត្រូវនគរបាលឃាត់ខ្លួនយកមកសួរនាំជាបន្តបន្ទាប់ ក្រោយពីរកឃើញថា ពួកគេជាប់ពាក់ព័ន្ធករណីធ្វើសកម្មភាព កាប់ប្រជាពលរដ្ឋរងគ្រោះម្នាក់ យកម៉ូតូ០១គ្រឿង នៅក្រុងប៉ោយប៉ែត កាលពីយប់ថ្ងៃច័ន្ទកន្លងទៅ។
ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញបទបញ្ជាដល់កម្លាំងផែនជំនាញព្រហ្មទណ្ឌ សហការគ្នា ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ រួមមាន ១. ឈ្មោះ វៀច វីរៈ ភេទប្រុស អាយុ ១៥ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ២. ឈ្មោះ ហេង ប៊ុនលាប ភេទប្រុស អាយុ ១៩ឆ្នាំ ស្នាក់នៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
មុននគរបាលឃាត់ខ្លួនជនសង្ស័យទាំង២នាក់ កាលពីយប់ថ្ងៃចន្ទ័ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ០១.៥៥នាទី កន្លងទៅ ជនសង្ស័យទាំង០២នាក់ បានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពកាប់យកម៉ូតូ ពីពលរដ្ឋរងគ្រោះម្នាក់ នៅចំណុចមុខការ៉ាស់សាំង ក្បែរក្លឹបស្តាឡៃ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចបាននាំគ្នាជិះរត់គេចខ្លួន លុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ទើបនគរបាលឃាត់ខ្លួនពួកគេបាន។
នៅចំពោះមុខនគរបាលសួរនាំ ជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានកាប់ប្រជាពលរដ្ឋយកម៉ូតូនៅចំនុចមុខការ៉ាស់សាំង ក្បែរក្លឹបស្តាឡៃ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ពិតប្រាកដមែន។
យោងចម្លើយសារភាព នគរបាលយើងរកឃើញថា ជនសង្ស័យទាំង០២នាក់ខាងលើ ក្រៅពីកាប់យកម៉ូតូពលរដ្ឋនៅចំនុចខាងលើ ពួកគេក៏ធ្លាប់ធ្វើសកម្មភាពកាប់អ្នកដឹកបាយយកម៉ូតូនៅមុខហាង សុធារ៉ា ប្តូរប្រាក់ កន្លងទៅផងដែរ។ បច្ចប្បន្នក្រោយសួនាំ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ កម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕









