(ត្បូងឃ្មុំ)៖ មួយរយៈនេះគេសង្កេតឃើញថា ក្នុងក្រុងសួង មានទីតាំងល្បែងស៊ីសងជាច្រើនកន្លែង ជាពិសេសមាន់ជល់តាមអនឡាញ ដូច្នេះសូមលោកឧត្តមសេនីយ៍ស្នងការ មេត្តាជួយពិនិត្យមើល និងបង្ក្រាបរាល់ល្បែងស៊ីសងទាំងអស់នេះផង។
ជាក់ស្តែងនៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នេះ មានប្រជាពលរដ្ឋរាយការណ៍មកអង្គភាពសារព័ត៌មាន preabmessengertv យើងខ្ញុំថា ទីតាំងមួយកន្លែងក្នុងភូមិប្រស្រែក្រោម សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមសំណូមពរដល់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងជាពិសេសក៏សូមសំណូមពរដល់ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ សូមមានវិធានការទប់ស្កាត់និងបង្ក្រាបរាល់ល្បែងស៊ីសងដែលកើតមានក្នុងក្រុងសួងផង សូមកុំបណ្តែតបណ្តោយឱ្យកើតមានល្បែងស៊ីសងបែបនេះទៀត និងដើម្បីរក្សាពាក្យថាភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃ។
យោងតាមកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្តឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស៊ីណូស្របច្បាប់លើសពីនេះ លោករដ្ឋមន្រ្តីថែមទាំងបញ្ជាឱ្យស្រាវជ្រាវបង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
សូមរំលឹកថា: កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឱ្យអភិបាលទាំង២៥ខេត្ត/ក្រុង/រាជធានីតម្រូវឱ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយនូវប្រភេទថ្នាំដែលមានសារធាតុញៀនខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេសដោយគ្មានការលើកលែង។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារព័ត៌មានយើងខ្ញុំរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយព្រមទាំងរង់ចាំទទួលការបកស្រាយពីភាគីស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕






