ចែករំលែក៖

ល្បែងពេញនិយម អនឡាញជាច្រើនប្រភេទ ចាប់ផ្ដើមងើបឡើងវិញហើយ នៅតាមសង្កាត់ ខណ្ឌ ក្នុងក្រុងភ្នំពេញ

ភ្នំពេញ៖ល្បែងស៊ីសងពេញនិយមតាមអនឡាញ ចាប់ផ្ដើមងើបឡើងវិញ នៅតាមសង្កាត់-ខណ្ឌ ក្នុងក្រុងភ្នំពេញ ក្រោយអាជ្ញាធរចុះបង្ក្រាបតាមមូលដ្ឋាន កាលពីថ្មីៗនេះ តាមបញ្ជារបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី។

ល្បែងស៊ីសងអនឡាញជាច្រើននៅតាមហាងបាយ ហាងកាហ្វេ និងតាមសំយ៉ាបផ្ទះ នៅតាមមូលដ្ឋាននោះ គេសង្កេតឃើញមានបញ្ជរលេងល្បែងឆ្នោតឡូតូ ,ភ្នាល់ឆ្នាំ ឬយូគី និងជល់មាន់ តាមអនឡាញជាដើម កំពុងបើកដំណើរការឡើងវិញជាបណ្ដើរៗហើយ ក្រោយផ្អាកសកម្មភាពមួយរយៈពេលខ្លី។ សកម្មភាពលបលួចលេងល្បែងស៊ីសងទាំងនេះ គឺមិនបង្ហាញរូបភាពទ្រង់ទ្រាយធំ ដោយដាក់បង្ហាញតាមអេក្រង់ទូរទស្សន៍ ឬផ្ទាំង LCD ដូចមុនឡើយ ពោលគឺអ្នកចាំទូទាត់ប្រាក់ និងអ្នកប្រព្រឹត្តល្បែង អង្គុយនៅពីមុខកុំព្យូទ័រ ឬ Laptop ដើម្បីភ្នាល់ល្បែង។

សកម្មភាពពួកគេ ហាក់កំពុងបន្លំភ្នែកអាជ្ញាធរ ដោយមើលទៅដូចជាពួកគេកំពុងពិភាក្សាការងារនៅពីមុខកុំព្យូទ័រអុីចឹង តែធាតុពិតពួកគេកំពុងលបលួចលេងល្បែងតាមអនឡាញប៉ុណ្ណោះ។ សម្រាប់ទីតាំងលេងល្បែងអនឡាញនេះ តែងតែអះអាងថា ក្រុមហ៊ុនខ្លួន មានអាជ្ញាបណ្ណត្រឹមត្រូវស្របច្បាប់។

បើទោះជាពួកគេ អះអាងថា មានច្បាប់ត្រឹមត្រូវក្តី ប៉ុន្តែវាក៏កំពុងដើរបញ្ច្រាសគ្នា ជាមួយគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងលុបបំបាត់ល្បែងស៊ីសង តាមមូលដ្ឋានរបស់រដ្ឋាភិបាលផងដែរ។

កាលពីខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន​ សែន អតីតនាយករដ្ឋមន្ត្រី បានចេញវិធានការដាច់ណាត់មួយ ដោយបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ក្នុងមូលដ្ឋាន ចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ក្រោយមានការរិះគន់។ សម្ដេច ហ៊ុន សែន ក៏បានព្រមានដកតំណែងថ្នាក់ដឹកនាំមូលដ្ឋាន ដែលបណ្ដែតបណ្ដោយឱ្យមានល្បែងស៊ីសងកើតឡើងក្នុងតំបន់ផងដែរ។

«ខ្ញុំមិនស្ទាក់ស្ទើក្នុងការដកតំណែងអភិបាលខេត្ត រាជធានី អភិបាលស្រុក ខណ្ឌ ឬមន្ត្រីនគរបាលថ្នាក់ណាក៏ដោយ ដែលរកឃើញថា​មិនទទួលខុសត្រូវលើមុខងាររបស់ខ្លួន ។ យើងមិនអាចបណ្ដោយឱ្យសភាពការណ៍បង្កឡើងបែបអានាធិបតេយ្យក្នុងបនល្បែងទៀតទេ»។ នេះជាសារសម្ដេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ត្រីកន្លងមក។

សូមបញ្ជាក់ថា៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ថ្មីៗនេះ សម្ដេចធិបតី បានចេញបទបញ្ជាឱ្យផ្អាករាល់ការចេញអាជ្ញាប័ណ្ណ ឬការផ្ដល់សិទ្ធិបើកទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាន។ ជាមួយគ្នានេះ សម្ដេចធិបតី បានណែនាំឱ្យគណៈកម្មការគ្រប់គ្រងល្បែងស៊ីសងកម្ពុជា ចំណុះឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំប្រជុំជាបន្ទាន់ជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ រួមទាំងបណ្ដាភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យឡើងវិញនិងរៀបចំឡើងវិញនូវគោលការណ៍ និងវិធានការគ្រប់គ្រងល្បែងផ្សងសំណាងនានានៅទូទាំងប្រទេស។

ក្នុងន័យនេះសម្ដេចនាយករដ្ឋមន្ត្រីបានដាក់បទបញ្ជាដល់អភិបាលរាជធានីខេត្តទាំងអស់ ចាត់វិធានការជាបន្ទាន់ ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាននៃដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីមានបន្តបើកថ្មីៗទៀត សូមចាត់វិធានការបិទជាបន្ទាន់ ហើយរាយការណ៍មកសម្ដេច ដើម្បីចាត់វិធានការបន្ត ដែលអាចឈានដល់ការដកអាជ្ញាប័ណ្ណនៅក្នុងខេត្ត ឬនៅទូទាំងប្រទេសតែម្ដង៕ នេះជាសារសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤។

ជុំវិញបញ្ហាល្បែងស៊ីសង ត្រូវបានអ្នកតាមដានសង្គម ធ្លាប់លើកឡើងថា វាគឺជាដើមចម ដែលនាំឱ្យមានអំពើហិង្សាក្នុងគ្រួសារ និងមានករណីចោរលួច ចោរប្លន់ ដែលបង្កភាពអសន្តិសុខ នៅក្នុងសង្គមផងដែរ៕

គ្រួសាររងគ្រោះបានលើកឡើងថា ស្របពេលអីឡូវសេដ្ឋកិច្ចកំពុងតែជួបការលំបាកតាមក្រុមគ្រួសារនីមួយៗប្រឈមមុខនិងការខ្វះខាតជាខ្លាំង ស្របពេលនេះដែរក្រុមដែលលបលួចបើកល្បែងស៊ីសងទាំងអស់នេះបានអូសទាញសមាជិកក្នុងគ្រួសាររបស់ពួកគាត់អោយលួចយកលុយពីផ្ទះយកទៅលេងល្បែងទាំងនេះ នៅពេលលេងចាញ់អស់មកផ្ទះវិញរករឿងប្រពន្ធកូន ស្ទើររាល់ថ្ងៃពេលខ្លះក៏ឈានទៅដល់ការប្រើហឹង្សាក្នុងគ្រួសារថែមទៀតផង។

ហេតុដូចនេះហើយពួកគាត់ក៏សូមសំណូមពរទៅដល់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ មេត្តាមានវិធានការបង្រ្គាបទៅលើល្បែងស៊ីសងទាំងអស់នេះអោយទាន់ពេលវេលាផងទាន៕

Scroll to Top