ចែករំលែក៖

អាប៉ោងដុះស្លែមួយកន្លែង កំពុងលេងយ៉ាងរលូននៅក្នុងភូមិស្នងអន ឃុំសុចិត្រ ស្រុកសណ្តាន់ បើកលេងទាំងថ្ងៃទាំងយប់ មិនរំខានសមត្ថកិច្ចសោះឡើយ…!

ខេត្តកំពង់ធំ៖ មានប្រភពរាយការណ៍មកថា មានទីតាំងលេងល្បែងប្រជាប្រិយ (អាប៉ោងដុះស្លែ) មួយកន្លែងក្នុងភូមិស្នងអន ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានបើកលេងយ៉ាងអនាធិបតេយ្យជាយូរខែមកហើយ ដោយឡែកសមត្ថកិច្ចមន្ត្រីជំនាញ ហាក់បីដូចជាពុំមានវិធានការណ៍ទប់ស្កាត់និងបង្ក្រាបសោះ។ តើគោលនយោបាយភូមិឃុំមានសុវត្ថិភាព ទាំងប្រាំពីរចំណុច ដែលចេញដោយក្រសួងមហាផ្ទៃ ដែលបានដាក់ចេញអោយសមត្ថកិច្ចទូរទាំងប្រទេស គោរពនិងអនុវត្តនោះ យកទុកឯណា?

ប្រភពដដែលបន្តថា ទីតាំងអាប៉ោងខាងលើនេះ បានបើកលេងជាយូរមកហើយ ដែលបានគៀងគរអោយក្រុមអ្នកញៀនល្បែង ប្រមូលផ្តុំគ្នាលេងយ៉ាងពពាក់ពពូន មិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ ។

ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងការភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ សុវត្ថិភាព គ្រួសារ របស់ពួកគាត់់ ព្រោះថា! ទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាដើម ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។

បើទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋសំណូមពរដល់លោកវរសេនីយ៍ឯក ឃុត ណាត អធិការនគរបាលស្រុកសណ្តាន់ ជាពិសេសលោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ មេត្តាមានវិធានការទប់ស្កាត់និងបង្ក្រាបទីតាំងអាប៉ោងខាងលើផងទាន! ដើម្បីរក្សាបានសុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមអរគុណ៕

Scroll to Top