ចែករំលែក៖

មាន់ជល់អនឡាញ និងឆ្នោតឡូតូ កំពុងបើកដំណើការលេងយ៉ាងរលូន ពីរកញ្ចក់តែម្តង ដោយមិនរំខានដល់លោកមេប៉ុស្តិ៍ លោកអធិការស្រុកបាទីសោះឡើយ…!

តាកែវ៖ តាមប្រភពដែលបណ្ដាញសារព័ត៌មាន ព្រាប មេស៊ីនជើ ធីវី ទើបទទួលបាននៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ បានអោយដឹងថា មានល្បែងស៊ីសងមាន់ជល់អញឡាញមួយកន្លែង ស្ថិតនៅភូមិស្រីគ្រងរាជ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ បានចាប់ផ្តើមដំណើរការទទួលអតិថិជន ដែលជាអ្នកញៀនល្បែងឡើងវិញហើយ ប្រភពបានបញ្ជាក់ថា ទីតាំងមាន់ជល់អនទ្បាញខាងលើ ក្នុងមួយថ្ងៃៗ មានអ្នកចូលលេងល្បែង រាប់សិបអ្នក និងភ្នាល់ប្រាក់រាប់លានរៀល ពេលចាញ់ឈ្នះហូរកញ្ជ្រៀវអ៊ឹងកង យ៉ាងទ្រហឹង ប៉ះពាល់និងរំខាន ពលរដ្ឋជិតខាងជាខ្លាំង។ ប៉ុន្តែសំឡេងទាំងនោះ មិនបានឮប៉ះឬក៏រំខានដល់ត្រជាក់អាជ្ញាធរ មានសមត្ថកិច្ច ក្នុងស្រុកបាទីនោះទេ។

បើយោងតាមប្រជាពលរដ្ឋ នៅតំបន់នោះបានអោយដឹងថា យើងសង្ឃឹមលើលោកមេប៉ុស្តិ៍ លោកមេឃុំ នឹងលោកអធិការស្រុកបាទី ស្អីទៀត បើបនល្បែងគគ្រឹកគគ្រេងពេញមូលដ្ឋាន អស់លោកមិនអើពើបង្ក្រាបផង មានតែស្នើរសុំ ឯកឧត្តម វ៉ី សំណាង និងលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ ទេទើបអាចបង្ក្រាបបានមើលទៅ។

ប្រភពបន្តទៀតថា មួយរយះចុងក្រោយនេះ សមត្ថកិច្ច ស្រុកបាទី ហាក់បីដូចជាកំពុងតែផ្គើន និងបទបញ្ជា របស់រាជរដ្ឋាភិបាល យ៉ាងពេញបន្ទុក ក្នុងការមិនទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ។

បើតាមពិតទៅ ទីតាំងល្បែងទាំងនោះ ក៏គេឃើញមានសមត្ថកិច្ចចុះបង្ក្រាបម្ដងម្កាលដែរ ដើម្បីទុកបង្ហាញស្នាដៃ ប៉ុន្តែនៅកន្លែងជាច្រើនទៀតត្រូវគេថែរក្សាទុក។ បើតាមប្រភពខ្លះថា អាជ្ញាធរគេទុកគ្រាន់ចិញ្ចឹមឆ្នាំងបាយ។

ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមានគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

ដូច្នេះប្រសិនបើមន្ត្រីអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន មិនព្រមធ្វើការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋាន របស់ខ្លួននោះទេ គឺបង្ហាញយ៉ាងច្បាស់ថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ មានការគុបគិត បើកភ្លើងខៀវជាប្រព័ន្ធ ដើម្បីលាភសក្ការៈ ដាក់ហោប៉ៅ រៀងៗខ្លួន ដោយពុំបានអនុវត្តគោលនយោបាយ ដែលរាជរដ្ឋាភិបាលដាក់ចេញនោះទេ។

ដោយឡែកអង្គភាពសារព័ត៌មាន ព្រាប មេស៊ីនជើ ធីវី បានរាយការណ៍ជូនលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី លោកបានប្រាប់ថា លោកបានដាក់កំលាំងចុះទៅហើយ។ ប៉ុន្តែបើតាមការបញ្ចាក់របស់ប្រជាពលរដ្ឋនៅទីនោះថា ដូចជាអត់មានឃើញកំលាំងចុះមកនោះ យ៉ាងណាចាំមើលវិធានការបន្តទៀតចំពោះទីតាំងខាងលើនោះជាបន្ត។

Scroll to Top