ចែករំលែក៖

លោក ខេង យ័ន អតីតអភិបាលក្រុងកែប ត្រូវបានតុលាការ បើកសវនាការលើបទល្មើស រំលោភអំណាច និងសំអាតប្រាក់

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែតុលាឆ្នាំ២០២៤ លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញនិងលោកស្រី ផាត់ សុគន្ធា ជាតំណាងអយ្យការ បានបើកសវនាការលើជនជាប់ចោទឈ្មោះ ខេង យ័ន អតីតអភិបាលក្រុងកែប ពីបទរំលោភអំណាចនិងសំអាតប្រាក់។ ពេលបញ្ចប់សវនាការលោកចៅក្រមសម្រេចជូនដំណឹងនៃការប្រកាសសាលក្រមនៅពេលក្រោយ។

ជនជាប់ចោទឈ្មោះ ខេង យ័ន ភេទប្រុស អាយុ ៣៩ឆ្នាំ អតីតអភិបាលក្រុងកែប ជាប់ចោទ ពីបទ រំលោភអំណាច និងបទ សំអាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ និងមាត្រា ៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។

គួររំលឹកថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ទិត សុទ្ធីបូរ៉ាឆាត កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួន លោក ខេង យ័ន អតីតអភិបាលក្រុងកែប ពីបទ រំលោភអំណាច និងបទសម្អាតប្រាក់ ដោយដាក់ពន្ធនាគារព្រៃសម១ ។

លោក ខេង យ័ន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន ហើយបញ្ជូនទៅតុលាការ នារសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ហើយត្រូវបានតំណាងអយ្យការចោទប្រកាន់២បទល្មើស គឺបទ រំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ និងមាត្រា ៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។

មុនពេលចាប់ខ្លួន លោក ខេង យ័ន ត្រូវបាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញអនុក្រឹត្យបញ្ចប់តំណែងអភិបាលក្រុងកែប នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ដោយសារតែប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួន ប្រព្រឹត្តអំពើប៉ះពាល់ ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅមូលដ្ផានរបស់ខ្លួនគ្រប់គ្រង ៕

Scroll to Top