ចែករំលែក៖

សម្តេចបវរធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា រៀបចំនូវផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានលើឡើងថា ការប្រែប្រួលអាកាសធាតុ បាន និងកំពុងជះឥទ្ធិពលអវិជ្ជមានដ៏ធ្ងន់ធ្ងរយ៉ាងជាក់ស្តែងមកលើបរិស្ថាន ពិភពលោកទាំងមូល និងបានបង្កើនវត្តមានគ្រោះមហន្តរាយធម្មជាតិកាន់តែញឹកញាប់ និងកាន់តែមានឥទ្ធិពល ធំធេងនៅក្នុងប្រទេសជាច្រើន មិនថាជាប្រទេសមានការអភិវឌ្ឍ ប្រទេសក្រីក្រទន់ខ្សោយនោះឡើយ ដែលបានធ្វើឱ្យបាត់បង់អាយុជីវិត ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចសង្គមយ៉ាងធ្ងន់ធ្ងរ។

តាមរយៈសារលិខិត ក្នុងឱកាស «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ» ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ សម្តេចបវរធិបតី នាយករដ្ឋមន្រ្តី គូសបញ្ជាក់ថា ដើម្បីធានាបានការកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិ រាជរដ្ឋាភិបាលក៏បានរៀបចំ ឡើងផងដែរនូវផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ ២០២៤-២០២៨ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដោយភ្ជាប់ទំនាក់ទំនងរវាង ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការបន្សំទៅនឹងការប្រែប្រួលអាកាសធាតុ ដោយបានដាក់ចេញ នូវគោលដៅយុទ្ធសាស្ត្រចំនួន៤ និងកម្មវិធីអាទិភាពចំនួន១៨ ដើម្បីអនុវត្ត។

ជាមួយគ្នាននោះ សម្តេចបវរធិបតី បានបន្តថា រាជរដ្ឋាភិបាលនឹងបន្តផ្តល់អាទិភាពខ្ពស់លើការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយបន្តរក្សា និងបង្កើនភាពធន់នឹងគ្រោះមហន្តរាយ តាមរយៈការវិនិយោគជារួមទៅលើកំណើនសេដ្ឋកិច្ចសង្គមជាពហុវិស័យប្រកបដោយបរិយាប័ន្ន ដែលជាឆ្អឹងខ្នងនៃសមត្ថភាពជាតិ ក្នុងការគ្រប់គ្រង និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ជាមួយនឹងការវិនិយោគដោយឡែកផ្ទាល់ទៅលើវិស័យជួរមុខ ក្នុងការកសាងសមត្ថភាពឆ្លើយតបនៅគ្រប់កម្រិត ទាន់ពេលវេលា មានប្រសិទ្ធភាព និងអាចស្តារឡើងវិញបានយ៉ាងឆាប់រហ័ស ក្រោយគ្រោះមហន្តរាយ រួមមាន៖ កសិកម្ម ធនធានទឹក ហេដ្ឋារចនាសម្ព័ន្ធ នគរូបនីយកម្ម បរិស្ថាន អប់រំ និងសេវាសង្គ្រោះបន្ទាន់សុខាភិបាល។ល។ ដែលក្នុងនោះ គ្រប់ភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ ត្រូវធ្វើសកម្មភាពដោយមានការ សម្របសម្រួលរវាងក្រសួង ស្ថាប័នរដ្ឋ ផ្នែកសាធារណៈ ឯកជន ដៃគូអភិវឌ្ឍ សង្គមស៊ីវិល សហគមន៍ និង ពលរដ្ឋគ្រប់រូប តាមរយៈការរួមបញ្ចូលទៅក្នុងតួនាទី និងការទទួលខុសត្រូវរបស់ស្ថាប័ន ការប្រកបវិជ្ជាជីវៈ និង ធុរកិច្ចនៅក្នុងវិស័យនីមួយៗ ក្នុងស្មារតីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការកសាងភាពធន់នឹង គ្រោះមហន្តរាយនៅក្នុងបរិបទនៃកាលៈទេសៈ សមត្ថភាព និងដែនសមត្ថកិច្ចរៀងៗខ្លួន។

សូមបញ្ជាក់ជូនថា តាមរយៈសារលិខិតសម្តេចបវរធិបតី បានលើកឡើងថា នៅក្នុងឆ្នាំ២០២៤នេះ គ្រាន់តែព្យុះត្រូពិក «យ៉ាជី» មួយបានបង្កគ្រោះមហន្តរាយធ្ងន់ធ្ងរដល់ប្រទេស ចំនួន០៥ ក្នុងចំណោមសមាជិកអាស៊ានដែលមានសរុប១០ប្រទេស ដែលបានឆក់យកអាយុជីវិតមនុស្សជាច្រើន និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចសង្គម គិតជាទឹកប្រាក់អស់រាប់រយពាន់ លានដុល្លារ។

ឆ្នាំ២០២៤សម្រាប់កម្ពុជា ថ្វីត្បិតតែមិនបានរងគ្រោះដោយផ្ទាល់ពីព្យុះទាំងឡាយ បូករួមទាំង ព្យុះ «យ៉ជី» ផង ប៉ុន្តែឥទ្ធិពលខ្លាំងពីបាតុភូតអិលនីញ៉ូលើសពី៨០% បានធ្វើឱ្យកំដៅបរិយាកាសកើនឡើង បង្កឱ្យមានកង្វះខាតទឹកសម្រាប់កសិកម្ម នៅក្នុងភូមិសាស្ត្រមួយចំនួន ហើយឥទ្ធិពលបាតុភូត «ឡានីញ៉ា» ក៏បាន និងកំពុងបង្កឱ្យមានខ្យល់កន្ត្រាក់ រន្ទះបាញ់ និងភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់នានា បណ្តាលឱ្យមានទឹកជន់ ការហូរច្រោះបាក់ច្រាំងទន្លេ ផ្លូវ ស្ពាន ថ្នល់ និងលិចលង់ក្នុងភូមិសាស្ត្ររាជធានី ខេត្តមួយចំនួនគួរឱ្យកត់សំគាល់។ ប៉ុន្តែឆ្នាំ២០២៤ ក៏ជាឆ្នាំដែលកម្ពុជាសម្រេចបានសមិទ្ធិផលជាវិជ្ជមាន ក្នុងថេរវេលា១ឆ្នាំពេញ នៃការដឹកនាំ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដែលជារាជរដ្ឋាភិបាលថ្មី ដឹកនាំដោយកម្លាំងថ្មី ជាយុវជន បន្តវេន ឆ្លើយបតចំពោះឆន្ទៈប្រជាជនកម្ពុជា ដែលបានបង្ហាញតាមរយៈការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលបានបោះឆ្នោតដើម្បីសន្តិភាព ការអភិវឌ្ឍភាពសុខដុមរមនា និងដើម្បីសុភមង្គលរបស់ប្រជាជន៕ ដោយ៖ កន ចំណាន

Scroll to Top