ចែករំលែក៖

ខេត្តសៀមរាប នឹងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃទី១៤ និង១៥ ខែវិច្ឆិកា នៅតាមដងស្ទឹងសៀមរាប

សៀមរាប៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី១៤ និង១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខេត្តសៀមរាប នឹងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្តោយស្ទឹងប្រវត្តិសាស្ត្រសៀមរាប ដើមី្បបង្កនូវភាពសប្បាយរីករាយ ដែលជាបុណ្យប្រពៃណីជាតិខ្មែរ តែងតែប្រារព្ធធ្វើឡើងតាំងពីបរមបុរាណតរៀងមក។

ក្នុងពិធីនេះ ដើម្បីលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាតិ ក៏ដូចជាផ្តល់ឱកាសជូនប្រជាពលរដ្ឋ ព្រមទាំងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលរួមទស្សនាកម្សាន្តសប្បាយ។ ក្នុងព្រឹត្តិការណ៍នេះ រដ្ឋបាលខេត្តសៀមរាបនឹងរៀបចំពិធីដង្ហែ និងបណ្តែតប្រទីប ពិធីសំពះព្រះខែ អកអំបុក រួមទាំងមានការរៀបចំការដាក់តាំងពិព័រណ៍ម្ហូបអាហារ ពិព័រណ៍ផលិតផលក្នុងស្រុក ការប្រគុំតន្ត្រី សិល្បៈកម្សាន្ត បាញ់កាំជ្រួច ដើម្បីញ៉ាំងឲ្យព្រះរាជពិធីបុណ្យនេះកាន់តែមានភាពអធិកអធមថែមទៀត។


ជាមួយនឹងព្រឹត្តិការណ៍នេះ រដ្ឋបាលខេត្ត សង្ឃឹមថា នឹងអាចការទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឲ្យកាន់តែបានយល់ដឹងអំពីប្រវត្តិសាស្ត្រនៃខេត្តសៀមរាប។

ម៉្យាងវិញទៀតក្នុងព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូកនេះ ក្នុងគោលបំណងផ្តល់ឱកាសឲ្យយុវជន សាធារណជនខ្មែរទូទៅ បានចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក ប្រពៃណីជាតិ នៅខេត្តសៀបរាប ក្នុងលក្ខណៈមហាគ្រួសារខ្មែរតែមួយ ជ្រកក្រោមដំបូលសន្តិភាពតែមួយ ក្រោមស្មារតីសុខដុម សប្បាយរីករាយ និងបានសិក្សាស្វែងយល់នូវភាពរុងរឿង នាសម័យមហានគរ។

ជាមួយការរៀបចំនេះ រដ្ឋបាលខេត្តសៀមរាប ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវទេសចរបរទេស មកចូលរួមកម្សាន្តសប្បាយនៅក្នុងព្រឹត្តិការណ៍ក្នុងស្ទឹប្រវត្តិសាស្ត្រនេះ ត្រូវចូលរួមថែរក្សានូវអនាម័យ បរិស្ថាន និង គោរពច្បាប់ចរាចរណ៍នៅពេលធ្វើដំណើរ ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕

Scroll to Top