ភ្នំពេញ៖ បុរសម្នាក់ត្រូវរថយន្តបុកស្លាប់ភ្លាមៗ ពេលកំពុងជិះម៉ូតូ ខណៈរថយន្តបើកបរបញ្ច្រាសផ្លូវ ទៅបុកមនុស្សទាំងកំរោល កាលពីវេលាម៉ោង ៥ព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ក្នុងមូលដ្ឋានសង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះបានជិះម៉ូតូតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើត ឆ្លងកាត់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្រាប់តែមានរថយន្ត Mazda ១គ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 2BX-3693 បើកបរក្នុងល្បឿនលឿន តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ រថយន្តក៏បានបើកបញ្ច្រាស់ផ្លូវ ចូលគន្លងភាគីខាងម៉ូតូ រួចបុករះម្ចាស់ម៉ូតូបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។

អ្នកឃើញហេតុការណ៍ បានបន្តទៀតថា ភ្លាមៗរថយន្តមិនទាន់អស់ល្បឿនទេ ក៏បើកឡើងខឿនបុករបងបង្កាន់ដៃផ្លូវថ្មើរជើង ជាប់របងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថែមទៀត បង្កឱ្យមានការខូចខាតទាំងរថយន្ត និងបង្កាន់ដៃនោះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំង ធ្វើការវាស់វែង និងឆែកមើលសាវតានៃសព ប៉ុន្តែទូរស័ព្ទរបស់សព ត្រូវបានជនឆ្លៀតឱកាសលួចបាត់ថែមទៀត ធ្វើឱ្យករណីនេះកាន់តែមានរយៈពេលយូរ ទើបសមត្ថកិច្ចឃាត់ខ្លួនម្ចាស់រថយន្ត ដើម្បីយកទៅធ្វើការសាកសួរ។
ចំណែករថយន្តបង្ក និងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែង យកទៅរក្សាទុកជាបណ្តោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ រីឯសពជនរងគ្រោះ រង់ចាំប្រគល់ជូនក្រុមគ្រួសារ៕







