ចែករំលែក៖

សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលអាណត្តិទី៧ កំពុងដឹកនាំកម្ពុជាឆ្ពោះទៅសម្រេចគោលដៅជាប្រទេសអភិវឌ្ឍន៍ ឆ្នាំ២០៥០, ​ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ កងទ័ពតែមួយ និងមានព្រះមហាក្សត្រតែមួយ

ភ្នំពេញ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំនាវាកម្ពុជាដោយភាពជឿជាក់ឆ្ពោះទៅសម្រេចគោលដៅឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឍន៍​។ នេះជាការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រាប់ទៅកាន់ប្រធានតំណាងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានរំឭកពីស្ថានភាពនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៨០មក និងស្ថានភាពនាពេលបច្ចុប្បន្ននេះ គឺមានសភាពខុសគ្នាខ្លាំង ដែលបច្ចុប្បន្ន កម្ពុជាបានដើរចម្ងាយឆ្ងាយជាងមុន និងរីកចម្រើន​យ៉ាងខ្លាំងលើគ្រប់វិស័យ កំណើនសេដ្ឋកិច្ចខ្ពស់ កាត់បន្ថយភាពក្រីក្រ ផ្គត់ផ្គង់ទឹកស្អាត ការកើនឡើងនៃការប្រើប្រាស់អគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធ ផលិតផលកសិកម្ម ជាដើម។ល។

ជាមួយគ្នានេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានប្រាប់លោក Katsuhiro SHINOHARA ប្រធានមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ថា ឆ្នាំនេះជាខួបទី២៦នៃសន្តិភាពទាំងស្រុងនិងពេញលេញនៅកម្ពុជា​ ដែលគ្មានការបែងចែកទឹកដី គ្មានការបែងចែកកម្លាំងប្រដាប់អាវុធ ក៏ប៉ុន្តែមានគណបក្សនយោបាយផ្សេងៗ។

«ចាប់តាំងពីឆ្នាំ១៩៩៨មក រហូតមកដល់ពេលបច្ចុប្បន្នកម្ពុជា បានស្ថិតក្នុងសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិ ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ កងទ័ពតែមួយ និងមានព្រះមហាក្សត្រតែមួយ»។ នេះជាប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន។

ទន្ទឹមនឹងនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រាប់លោក SHINOHARA ពីការលះបង់របស់សម្ដេចក្នុងការផ្ទេរអំណាចទៅដល់អ្នកបន្តវេនជំនាន់ក្រោយ ដែលជាការប្តូរនឹងសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរយៈពេលយូរអង្វែង។​

សម្ដេចតេជោ គូសបញ្ជាក់ថា បច្ចុប្បន្ន​ រាជរដ្ឋាភិបាលថ្មី សម្រេចបានលទ្ធផលដ៏ល្អប្រសើរជាងការរំពឹងទុក និងកំពុងបន្តឆ្ពោះទៅមុខដោយភាពជឿជាក់ឆ្ពោះទៅសម្រេចនូវគោលដៅឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ គឺជាប្រទេសអភិវឌ្ឍន៍​។ កម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ប្រជាជនក្រីក្រប្រមាណ ១លាន៥សែននាក់ ជាធនធានមនុស្សដែលមានជំនាញដើម្បីអាចទាក់ទាញការវិនិយោគបន្ថែមទៀត៕

Scroll to Top