ចែករំលែក៖

ឯកឧត្តម នេត្រ ភក្ត្រា៖ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ត្រូវបានអ្នកសារព័ត៌មាន​ ទទួលស្គាល់អំពីសារៈសំខាន់និងអត្ថប្រយោជន៍ថា ជួយដល់ការអនុវត្តសកម្មភាពការងារប្រចាំថ្ងៃ ហើយផ្តល់ទំនុកចិត្តកាន់តែខ្លាំង

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា បានលើកឡើងថា «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ត្រូវបានអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា សមាគមសារព័ត៌មាន និងអ្នក ប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជា ទទួលស្គាល់អំពីសារៈសំខាន់និងអត្ថប្រយោជន៍ថាបាន ជួយដល់ការអនុវត្តសកម្មភាពការងារប្រចាំថ្ងៃ ហើយបានផ្តល់ទំនុកចិត្តកាន់តែខ្លាំងដល់ពួកគេក្នុងការពង្រឹង គុណភាពការងារ និងការអនុវត្តមិនឱ្យប្រាសចាកពីគោលការណ៍គ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
លោកថា ធម្មនុញ្ញនេះបានដើរតួនាទីយ៉ាងសកម្ម ក្នុងការលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ធានាការផលិត និងផ្សព្វផ្សាយនូវព័ត៌មានពិត មានគុណភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ការថ្លែងនេះរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ​ពិធីប្រគល់-ទទួលកូនសៀវភៅ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។

នាឱកាសនេះដែរ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍គូសបញ្ជាក់ថា«ធម្មនុញ្ញ វិជ្ជាជីវៈសារព័ត៌មានមិនអាចការពារអ្នកដែលប្រព្រឹត្តហួសដែននៃសិទ្ធិសេរីភាព ដែលច្បាប់បានកំណត់បានឡើយ ផ្ទុយទៅវិញធម្មនុញ្ញនេះមានសារៈសំខាន់សម្រាប់អ្នកសារព័ត៌មានយកទៅអនុវត្ត ដើម្បីចៀសផុតពីការ ដើរហួស គន្លងនៃច្បាប់ និងចៀសពីការជ្រុលខ្លួនទៅប្រព្រឹត្តល្មើសច្បាប់ លិខិតបទដ្ឋាន ដែលអាចនាំឱ្យឈានទៅដល់ការ ទទួលខុសត្រូវខាងផ្នែករដ្ឋប្បវេណី ឬព្រហ្មទណ្ឌជាដើម»។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ដូចប្រទេសនានានៅលើសកលលោកដែរ កម្ពុជាមានធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាក្រមសីលធម៌ កំពូលសម្រាប់ការអនុវត្តក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ និងជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីតម្រង់ទិសអ្នក សារព័ត៌មាន និងពង្រឹងវិស័យសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរ ធានាជំនឿទុកចិត្តរបស់ ប្រជាពលរដ្ឋក្នុងសង្គមមកលើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។ ក្នុងខ្លឹមសារចំនួន៤ជំពូក និង២៧ចំណុចសំខាន់ៗ កូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន បានអត្ថាធិប្បាយនិងពន្យល់ច្បាស់ពីសិទ្ធិនិងករណីយកិច្ច អ្វីដែលអ្នក សារព័ត៌មានត្រូវធ្វើ និងអ្វីមិនត្រូវធ្វើ ព្រមទាំងការរៀបរាប់ពីទិដ្ឋភាពទាក់ទងនឹងទំនួលខុសត្រូវនានា ដែលស្ថិត ក្នុងក្របខណ្ឌនៃច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។

បើតាម លោក នេត្រ ភក្ត្រា ​ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានត្រូវបានបង្កើតឡើង ដោយអ្នកសារព័ត៌មានដើម្បីអ្នកសារព័ត៌មាន។ ការបន្ត អនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានបានរួមចំណែកធានាលំហព័ត៌មានសម្បូរបែប ប្រកបដោយគុណភាព និង សុវត្ថិភាព ព្រមទាំងចូលរួមបន្តលើកកម្ពស់សេរីភាពខាងសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។
​

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ​ក៏បានលើកទឹកចិត្តបន្ថែមដល់អ្នកសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មានទាំងអស់ ឱ្យផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការគោរពក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួន និងធានា ការអនុវត្តតួនាទីដោយស្របច្បាប់ រួមចំណែកលើកកម្ពស់តម្លៃវិជ្ជាជីវៈ និងសណ្តាប់ធ្នាប់សារព័ត៌មានកម្ពុជា៕

Scroll to Top